ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្ដៀង ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ រួមទាំង​គ្រឿងញៀន​១៨កញ្ចប់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្ដៀង ព័ទ្ធ​ចាប់នៅលើដងផ្លូវ១ខ្សែបន្ទាប់ទទួលព័ត៌មានពីចារកម្មរបស់ខ្លួន រួមទាំង​ដកហូត​ម្សៅ​ក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញឿនចំនួន១៨កញ្ចប់ និងកាណូត១គ្រឿង នេះបើតាមការបញ្ជាក់ពីលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ។​

 លោក អធិការ​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ករណី​បង្រ្កាប​ជនសង្ស័យ​ជនជាតិ​វៀតណាមជាមុខសញ្ញារួមទាំង​វត្ថុ​តាង​ខាងលើ នៅលើ​កំណាត់​ផ្លូវ​លំក្រាលគ្រួសក្រហម១ខ្សែ ក្បែរ​មណ្ឌល​សុខភាព​កញ្ជរ ស្ថិត​នៅ​ភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។​

 លោក បញ្ជាក់​ទៀតថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ត្រូវ​បាន​កម្លាំង​បង្រ្កាប​ឈ្មោះ ង្វៀង យ៉ាំង​ហុង ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិត​នៅភូមិ​កោះក្អែង ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជននេះជាមុខសញ្ញាចែកចាយ ដោយយកពីលើគោកទៅចែកចាយនៅលើផ្ទៃទឹក ។​

 លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុងនោះកម្លាំងឆែកឆេក្នុងឃ្លប់ក្បាលកាណូត​រកឲ្យឃើញ និងដកហូតរួមមាន ម្សៅ​ក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន១៨កញ្ចប់ រួមទាំង​កាណូត​ចំនួន​០១គ្រឿង បច្ចុប្បន្ន ជនសង្ស័យ​ជនជាតិ​វៀតណាម ត្រូវ​បាន​កម្លាំង​បង្រ្កាប​រួមទាំង​វត្ថុ​តាង កំពុង​បំពេញ​នីតិវិធី​នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បី​បញ្ជូន​បន្តទៅការិយាល័ជំនាញនៃស្នពោធិ៍សាត់​ចាត់ការបន្ត ៕ ដោយៈ ប៉ឹម ពិន​


ចែករំលែក៖