ខេត្តបាត់ដំបង៖ បុរសម្នាក់តចរន្ត អគ្គិសនីមិនបិទបារ៉ែតត្រូវខ្សែភ្លើងឆក់ ស្ទើរស្លាប់ហើយរត់ទៅកាយភក់កប់ខ្លួន ឯងដើម្បី សង្គ្រោះជីវិត ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត ក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុង-ខេត្ត បាត់ដំបង ។
មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះ វេង ស្រស់ អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ ។
តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុជនរង គ្រោះបានតខ្សែភ្លើងដើម្បីប្រើប្រាស់នៅ ក្នុងផ្ទះ តែមិនបានបិទបារ៉ែតភ្លើងទេក៏ត្រូវចរន្តអគ្គិសនីឆក់តែម្តង។ គ្រានោះជនរង គ្រោះបានរត់ទៅដេកក្នុងស្រែរួចកាយភក់កប់ខ្លួនឯងដើម្បីសង្គ្រោះជីវិតតែមិនអាច ជួយខ្លួនឯងបានក៏សន្លប់បាត់ស្មារតីទៅ។ ក្រោយមកសមត្ថកិច្ចបានទៅជួយទាញជន រងគ្រោះចេញពីភក់លាងជម្រះខ្លួនឲ្យរួចដឹកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ជីវិត ។
មន្ត្រីខាងលើបានឲ្យដឹងថា ជរងគ្រោះ ខាងលើត្រូវបានចរន្តអគ្គិសនីឆក់ដោយសារ មិនបានបិទបារ៉ែត។ រហូតមកដល់ថ្ងៃទី ២៧ ខែកញ្ញាជនរងគ្រោះបានរួចផុតពី គ្រោះថ្នាក់ ហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះទាន់ពេលវេលា ។
បច្ចុប្បន្នជនរងគ្រោះខាងលើកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕ សហការី