ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនឆ្លើយដាក់គ្នាករណីឈ្មួញកាយភ្នំយកដីធ្វើជាកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ឈ្មួញកំពុងទន្ទ្រានកាន់កាប់ដីភ្នំនៅខេត្តប៉ៃលិនជាក់ស្តែងដីភ្នំមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ត្រូវបានអ្នកមានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់ ហាក់បី ដូចជាមិនខ្លាចច្បាប់ឡើយ ។

ប្រជាពលរដ្ឋរិះគន់មន្ទីរជំនាញមួយ ចំនួនដែលចេញប្លង់កម្មសិទ្ធិឲ្យកាន់កាប់ ព្រមទាំងមិនអើពើចំពោះបញ្ហានេះ ហើយការរិះគន់របស់ប្រជាពលរដ្ឋបានកើតឡើងបន្ទាប់ពីពួកគាត់ប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឲ្យចាប់គ្រឿងចក្រ ដែលឈូសឆាយដីភ្នំ ប៉ុន្តែមន្ត្រីជំនាញបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបានឲ្យដឹង ថា តំបន់ព្រៃភ្នំវប្បធម៌ធម្មជាតិ នៅមិន ឆ្ងាយពីផ្លូវជាតិលេខ៥៧ ខាងក្រោយ កាស៊ីណូម្កុដពេជ្រ ក្នុងភូមិរបស់គាត់ ឈ្មួញអ្នកមានលុយមានអំណាចឃុបឃិត ជាមួយមន្ត្រីមន្ទីរជំនាញលួចឈូសឆាយដីភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពុំមានមន្ត្រី អាជ្ញាធរ និងមន្ត្រីមន្ទីរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ ។

ប្រភពព័ត៌មានបានបន្តថា ប្រជាពលរដ្ឋក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ មានការ ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចដីភ្នំនោះក្លាយទៅជាកម្មសិទ្ធិឯកជន ដោយសារតែ មន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញធ្វើមិនដឹង មិនឮអ្វីទាំងអស់នោះ ។

លោក សំ សារ៉េត អភិបាលស្រុកសាលា ក្រៅបានឲ្យដឹងថា ចំពោះបញ្ហាដីភ្នំនៅ ចំណុចភូមិផ្សារព្រំគឺលោកមិនបានដឹងនោះទេ តែបើចង់ដឹងអ្នកសារព័ត៌មានត្រូវ សួរទៅប្រធានមន្ទីរបរិស្ថានខេត្ត ។ ព្រោះ ខាងបរិស្ថានជាអ្នកទទូលខុសត្រូវប្រសិន បើ ខាងបរិស្ថានបោះដៃមកស្រុក ស្រុកនឹង ចុះអនុវត្តភ្លាម ហើយចំណុចនេះជាដីរបស់ បរិស្ថានផងដែរ ។

លោក អីុ ហឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមិនអាចសុំការបំភ្លឺបានទេ តែត្រូវ បានលោក សុក សុន អនុប្រធានរបស់ លោកបញ្ជាក់ថាមិនបានដឹងករណីក្រុមឈ្មួញយកគ្រឿងចក្រទៅកាយដីភ្នំនោះឡើយ ហើយលោកនឹងចាត់ក្រុមការងារ ចុះទៅពិនិត្យមើលជាក់ស្តែង ។ តែប្រហែល៥នាទីក្រោយមកស្រាប់តែលោកបាន បញ្ជាក់ប្រាប់ម្តងទៀតថា ដីនេះគេមានប្លង់កម្មសិទ្ធិរួចហើយ ។

លោក កឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានឲ្យដឹងតាមទូរស័ព្ទថា ចំពោះបញ្ហាកាយដីភ្នំនៅចំណុចខាងលើ ខាងម្ចាស់ដីបានស្នើសុំអភិបាលខេត្តកាយធ្វើក្រវាត់ព្រំដីរបស់គេ ។

លោក ហែម ប្ញទ្ធី នាយករដ្ឋបាលខេត្ត ប៉ៃលិន បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា បញ្ហានេះលោកមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងថាចំណុចខាងលើជារបស់ មន្ទីរបរិស្ថានគ្រប់គ្រង ដូច្នោះត្រួវសួរទៅប្រធានមន្ទីរបរិស្ថានខេត្តសិន ។

គេមិនដឹងថាតើដីនៅចំណុចខាងលើ មានប័ណ្ណកម្មសិទ្ធិឬយ៉ាងណានោះទេ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ពីមន្ត្រីរាជការ ក្នុងសាលាខេត្តប៉ៃលិនបានឲ្យដឹងថាកន្លងមកមន្ទីរបរិស្ថានតែងតែ បង្ក្រាបប្រជាពលរដ្ឋដែលទន្ទ្រានដីព្រៃតិច តួចយកធ្វើចម្ការ ប៉ុន្តែនៅពេលដែលក្រុម អ្នកមានលុយ មានអំណាច ទន្ទ្រានឈូសឆាយកាន់កាប់ដីភ្នំបែរជាប្រធានមន្ទីរ បរិស្ថាន ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ សូម្បី តែមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពខុសច្បាប់នោះដែរ ៕ ហេង នរិន្ទ្រ

pailin-3 pailin-1 pailin-2

 


ចែករំលែក៖