ភ្នំពេញ : យុវជនប្រុសស្រីចំនួន៣នាក់ត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នា៦នាក់ធ្វើសកម្មភាពវាយប្លន់យកជិះម៉ូតូZoomer -X មួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ខណះពេលដែលជនរងគ្រោះកំពុងតែជិះបណ្ដើរគ្នាជាមួយមិត្តភ័ក្រដែលជិះម៉ូតូមួយគ្រឿងទៀត។
ករណីវាយប្លន់នេះដែរ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខក្លឹប ម៊ិតណាយ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវជនសង្ស័យវាយប្លន់ឈ្មោះ ហ៊ុល សុខខេង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ដេពូក ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយម៉ូតូដែល បាត់បងនោះម៉ាក Zoomer -X ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GA-0237 ។
បើតាមការរៀបរាប់ពីជនរងគ្រោះបាន ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺពួកគេកំពុងតែជិះបណ្ដើរគ្នាជាមួយមិត្តភ័ក្រម៉ូតូមួយគ្រឿងទៀតដោយអោយសង្សារបស់ខ្លួនជាអ្នកឌុប។
ជនរងគ្រោះបានបន្តថា ពេលដែលជិះមកដល់ខាងមុខក្លឹប មីុតណាយ ដែលជាកន្លែងកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ក្នុងនោះមានម៉ូតូ ឡេត មួយគ្រឿង ពណ៍ស មិនចាំស្លាកបានមកគៀរអោយពួកគេចូលគៀននិងវាយទៅលើពួកគេ ដោយភ័យពេកពួកគេក៏នាំគ្នាចុះពីម៉ូតូរត់យករួចខ្លួនតែម្ដង ហើយក្រុមជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញា ៕ សុខាសែនជ័យ