ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលេខ៣១០ជាប់របងសាលាបឋមសិក្សានិងអនុវិទ្យាល័យទួលស្លែងបានក្លាយទៅជាទីតាំងចាក់សំរាមយ៉ាងអនាធិបតេយ្យសូមអាជ្ញាធរខណ្ឌចំការមនជួយមើលផង ជិះកាត់ជះក្លិនស្អុយណាស់

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ នៅតាមបណ្តោយផ្លូវលេខ៣១០ ជាប់នឹងរបងសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលស្លែង និងនៅជាប់នឹងលូទឹកស្អុយខាងកើតសាលារៀនចិនទួនហ្វា ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនត្រូវមហាជនមើលឃើញថាដូចជាមិនសូវមានកន្លែងដាក់សំរាមអោយបានត្រឹមត្រូវ និងអនាម័យសោះ ដែលកំពុងតែក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ ចំណែកលូបង្ហូរទឹកស្អុយវិញ ត្រូវសំរាមគ្រប់ពាសពេញថែមទាំងធ្លាក់សំរាមចូលទៅក្នុងទឹកបង្កជាការកកស្ទះ និងជះក្លិនយ៉ាងស្អុយធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់បានរិះគន់ ថាហេតុអី្វបានជាមិនរកកន្លែងទុកដាក់សំរាមអោយបានត្រឹមត្រូវ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរិះគន់ទៅលើអាជ្ញាធរខណ្ឌចំការមនថា គំនរសំរាមដែលគេយកមកចាក់ចោលទាំងនេះវាហាក់បីដូចជាឥតសណ្តាប់ធ្នាប់ និងអាណាធិបតេយ្យដល់ហើយ មិនតែប៉ុណ្ណោះសំរាមនេះ ក៏បានជះក្លិនស្អុយពាសពេញផ្លូវ ដែលអាចធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរ ។

ចំពោះប្រជាពលរដ្ឋមួយចំនួនតូច ដែលរស់នៅម្តុំនោះ ដូចជាខ្វះការពិចារណា និងមិនគិតពីសុខភាពខ្លួន និងពលរដ្ឋដទៃឡើយ បានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃ ដោយគិតថាក្រុមហ៊ុន សិនទ្រី និងមកសំអាតវិញដដែល ព្រោះតែសំអាងលើក្រុមហ៊ុន សិនទ្រី ទើបចាក់សំរាម គរចោលពេញផ្លូវ គ្មានគិតពីសុខភាព និងសណ្តាប់ធ្នាប់បរិស្ថានសោះឡើយ។

សំណូមពរពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ សុំឲ្យអាជ្ញាធរខណ្ឌចំការមន ជួយពិនិត្យលើបញ្ហានេះផង សុំអោយមានធុងដាក់សំរាមតាមតំបន់អោយបានត្រឹមត្រូវ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋដាក់សំរាមអោយបានត្រឹមត្រូវនិងមានសណ្តាប់ធ្នាប់ជៀសវាងការដាក់រាយប៉ាយពាសវាលពាសកាល និងអោយប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីរួមចំណែកថែរក្សានៅ (បរិស្ថានស្អាត ទីក្រុងស្អាត អនាម័យល្អ ) ៕ ជ្រោយពេជ្រ

 

image5 image1 image2 image3 image4


ចែករំលែក៖