ព័ត៌មានទាន់ហេតុការណ៍៖

លួចរ៉ឺម៉កសណ្ដោងទៅលក់យកលុយទិញថ្នាំញៀន ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ ១នាក់ករណីអំពើលួច(ម៉ូតូសណ្តោងរុឺម៉ក)ជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ករណីនេះកើត ហេតុថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចចំការស្វាយ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ១ នាក់ ឈ្មោះ ងិន យីម ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៥នាក់,១-ឈ្មោះ វង វ៉ាន់នី ហៅពៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ កម្មកររោងចក្រ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាងត្រូវបានឃាត់ខ្លួនដោយមានសារធាតុញៀនវិជ្ជមាន(+), ២- ឈ្មោះ តុង រីតេង ហៅមឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង(គេចខ្លួន), ៣.ឈ្មោះ បេ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង (គេចខ្លួន), ៤-ឈ្មោះ គ្រាក់ ចាន់ ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង គេចខ្លួននិងជាអ្នកចែកចាយគ្រឿងញៀននិង៥-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

 **សម្ភារៈបាត់បង់រួមមាន÷

**ម៉ូតូសណ្តោងរុឺម៉កចំនួន ០១ គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសារផ្ទះជនរងគ្រោះមានសភាពលិចទឹកមិនអាចទុកម៉ូតូសណ្តោងបាន ក៏បានយកទៅទុកនៅចំការស្វាយក្បែរបងវត្តពោធិព្រែកស្លែង។នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៣០នាទី ជនរងគ្រោះឈ្មោះ ងិន យីម បានទុកម៉ូតូសណ្តោងរុឺម៉កនៅក្បែររបងវត្តពោធិ៍ព្រែកស្លែង ហើយក៏បានដេីរមកផ្ទះនៅជិតនោះ រួចហេីយនៅវេលាម៉ោង ១៥ និង ៣០នាទី ជនរងគ្រោះឈ្មោះ ងិន យីម បានមកមេីលស្រាប់តែបាត់ម៉ូតូសណ្ដោងរុឺម៉កខាងលើរួចជនរងគ្រោបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឱ្យជួយអន្តរាគមន៍។

លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បានចុះស្រាវជ្រាវកំណត់មុខសញ្ញាច្បាស់រួចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វង វ៉ាន់នី ហៅពៅ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ បង វ៉ាន់នី ហៅពៅ បានសារភាពថាខ្លួន និងបក្សពួក ឈ្មោះ តុង រីតេង ហៅមឿន ឈ្មោះ បេ  និង បក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ពិតជាបានធ្វេីសកម្មភាពលួចម៉ូតូសណ្តោងរុឺម៉ករបស់ជនរងគ្រោះឈ្មោះ ងិន យីម ពិតប្រាកដមែនដោយឈ្មោះ តុង រីតេង ហៅមឿន ឈ្មោះ បេ និង បក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានយកម៉ូតូសណ្តោងរុឺម៉កនោះយកទៅលក់បានលុយចំនួន ៣០មុឺនរៀល ហេីយពួកខ្លួនបានទៅទិញគ្រឿងញៀនពីរឈ្មោះ គ្រាក់ ចាន់ ចំនួន ១០មុឺនរៀល យកមកប្រេី (ជក់)ជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖