ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញ​ពីការបង្ក្រាបបទល្មើសច្រើនករណី ក្នុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយ លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហើយដោយមានការដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសម្រេចបង្ក្រាបបទល្មើសជាច្រើនករណីដូចតទៅ ៖ 

ករណីលួចម៉ូតូ

• ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីលួចម៉ូតូ HONDA CLICK ពណ៌ស នៅសង្កាត់លេខ៤ ។

• ករណីលួចម៉ូតូ៣គ្រឿងផ្សេងទៀត នៅសង្កាត់លេខ៤ ត្រូវបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ គឺ ខេន ឌីន និង រំដួល វ៉ាន់ភុត ។ 

• ករណីលួចម៉ូតូ HONDA SCOOPY PRESTIGE នៅបន្ទប់ជួល ភូមិ៣ ត្រូវបានឃាត់ខ្លួនជនសង្ស័យ ជ័យ សែនសំបូរ នៅខេត្តកំពង់ឆ្នាំង ។ 

• ករណីខ្ចីម៉ូតូយកទៅបាត់ នៅឆ្នេរអូរឈើទាល ឃាត់ខ្លួនជនសង្ស័យ ឈៀ សុនី ហៅ ខ្នី ។ 

ករណីលួចទ្រព្យសម្បត្តិផ្សេងៗ

• ករណីលួចទូរស័ព្ទនៅបន្ទប់ថែទាំអ្នកជំងឺ សង្កាត់លេខ៤ ឃាត់ខ្លួនជនសង្ស័យ សុខ ស្រីពៅ អាយុ១៦ឆ្នាំ ។ 

• ករណីលួចប្រាក់ចំនួន $៥៤០ ពីជនជាតិបារាំងម្នាក់ នៅហាងម៉ាស្សា សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យស្រីចំនួន២នាក់ ឡូញ ដានី និង អ៊ុន សំអ៊េង ។ 

ករណីវាយកញ្ចក់រថយន្ត និងគំរាមកំហែង

• ឃាត់ខ្លួនជនសង្ស័យ លី យ៉ា បន្ទាប់ពីវាយបំបែកកញ្ចក់រថយន្ត TOYOTA PRIUS នៅការ៉ាស់រថយន្ត សង្កាត់លេខ៤ ។ 

គ្រប់ករណី សមត្ថកិច្ចជំនាញបានដកហូតយកវត្ថុតាងជាច្រើន និងប្រគល់របស់របរឲ្យម្ចាស់ដើមវិញតាមនីតិវិធី ដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។ 

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ រួមចំណែកការពារ និងជួយជ្រាបព័ត៌មានអំពើល្មើសច្បាប់ទាំងនេះ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈក្នុងខេត្តយើងឲ្យកាន់តែប្រសើរ ៕ដោយ​៖តារា​


ចែករំលែក៖