ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យ ម្ហូបអាហារនៅរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងផ្សារសិរីសោភ័ណ  

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាហ្វេ និងភេសជ្ជៈ ទឹកក្រូចមួយចំនួន ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ រកឃើញ ដែលអាជីវករចំនួន២តូប នៅក្នុងផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ច្រកក្នុងថង់ជាទេយ្យទាន ដើម្បីលក់ឱ្យប្រជាពលរដ្ឋទិញយកទៅប្រគេនព្រះសង្ឃ ។

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌក្រោយពីគេមើលឃើញថា ព្រះសង្ឃ និងកូនសិស្សលោក១៥អង្គ នាក់នៅក្នុងវត្តស្រះឈូក ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ កាលពីពេលកន្លងទៅថ្មីៗនេះ បាន ពុលក្អួតចង្អោរ អាការធ្ងន់ ស្រាល ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រោយពីព្រះសង្ឃ និងកូនសិស្សទាំងនោះឆាន់ភេសជ្ជៈប៉ូវកម្លាំង M១៥០ និងស្ករគ្រាប់កៅស៊ូ រួចហើយមកនោះ ស្ករគ្រាប់កៅស៊ូ និងភេសជ្ជៈប៉ូវកម្លាំងM១៥០ ត្រូវបានពុទ្ធរិស័ទច្រកថង់ជាទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃក្នុងរដូវបុណ្យកាន់បិណ្ឌ ។ ករណីពុលព្រះសង្ឃ និងកូនសិស្សទាំង១៥អង្គនាក់ មន្រ្តីជំនាញ មិនទាន់បញ្ចេញលទ្ធផលរកមូលហេតុនៃការពុលនោះនៅឡើយទេ រង់ចាំមន្ត្រីនាយកដ្ឋានពិសោធន៍កាំកុងត្រូល គេបញ្ចេញលទ្ធផលនោះសិន ។

ការរកឃើញកាហ្វេ និង ទឹកក្រូចហួសសុពលភាពខូចគុណភាពក្នុងទេយ្យវត្ថុធ្វើឡើង ខណៈដែលមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ចុះទៅត្រួតពិនិត្យពង្រឹងសុវត្ថិភាពគុណភាពផលិតផល ម្ហូបអាហារ នៅក្នុងផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនោះមន្រ្តីជំនាញក៏ពិនិត្យធ្វើតេស្តទៅលើផលិតម្ហូបអាហារគ្រឿងសមុទ្រ បង្គា ត្រីសាប៉ាក់ ផលិតផលជ្រក់សណ្តែក និងជ្រក់ត្រសក់ ដើម្បីរកសារធាតុគីមី ប៉ុន្តែផលិតផលម្ហូបអាហារទាំងនោះ គ្មានផ្ទុកសារធាតុគីមីនោះទេ ។

ខណៈនោះមន្រ្តីជំនាញក៏បន្តធ្វើការត្រួតពិនិត្យតូបលក់អីវ៉ាន់មួយចំនួនទៀតក៏បានរកឃើញឃើញផលិតផលម្ហូបអាហារខូចគុណភាព និងទឹកអាស៊ីតរូបទន្សាយហាមឃាត់ខុសច្បាប់ មួយចំនួន ផងដែរដែលអាជីវករដាក់តាំងលក់  ។

ផលិតផលម្ហូបអាហារ និងកាហ្វេ ទឹកក្រូចខូចគុណភាព និងហាមឃាត់ខុសច្បាប់ទាំងនោះត្រូវបានមន្រ្តីជំនាញដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីទុករង់ចាំដុតកម្ទេចចោល ៕ សំ វិច្ឆិកា

 

img_4682 img_4639 img_4641 img_4646 img_4647 img_4650 img_4681

 

 


ចែករំលែក៖