ព័ត៌មានទាន់ហេតុការណ៍៖

បាញ់គំរាម ១គ្រាប់ ដុតកំទេចម៉ូតូចំនួន ២គ្រឿងនៅខេត្តពោធិ៍សាត់ 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ៤នាក់ ប្រដាប់ដោយអាវុធកាំភ្លើង AK ស្វាយបត់ចំនួន១ដើម បានបាញ់គំរាមភ្ជុចដីចំនួន ០១គ្រាប់ រួចដុតកម្ទេចម៉ូតូចំនួន២គ្រឿង រួចគេខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងព្រៃភ្នំ ត្រង់ចំណុចច្រកហា ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកភ្នំក្រវាញសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវក្នុងករណីបាញ់គំរាម និងបានដុតបំផ្លាញម៉ូតូចំនួន ០២គ្រឿងខាងលើ បានឱ្យដឹងថា ម៉ូតូត្រូវបានដុតបំផ្លាញម៉ាកវ៉េវអាល់ហ្វាទាំង ០២គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ ខៃ សៅ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សាង គីង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ជនរងគ្រោះទាំង ២នាក់បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីសុំការជួយអន្តរាគមន៍ និងស្រាវជ្រាវក្នុងហេតុការណ៍នេះ) ។

ប្រភពពីសមត្ថកិច្ចខាងលើបន្តថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ០៤នាក់ ប្រដាប់ដោយអាវុធ AK ស្វាយបត់ចំនួន ០១ដើម ហើយមុនដំបូងជនសង្ស័យម្នាក់ក្នុងចំណោម ០៤នាក់ បានដើរមកសួរជនរងគ្រោះជាម្ចាស់ម៉ូតូដែលពួកគេបោះជុំរំរកស៊ីអារឈើត្រង់ចំណុចកើតហេតុ (បញ្ជាក់ៈ ជនរងគ្រោះមានគ្នា ០៤នាក់ ម៉ូតូ ០៤គ្រឿងដែរ ប៉ុន្ដែបានចេញទៅអារឈើអស់នៅសល់តែអ្នកចាំកន្លែងដាំបាយ) ថា ឯងឃើញសត្វខ្ទីងត្រូវរបួសដើរឆ្លងកាត់ទីនេះទេ ហើយជនសង្ស័យរូបនេះក៏បានហូបបាយជាមួយគ្នារួចក៏ចេញទៅបាត់ លុះក្រោយមកបន្តិចឃើញដើរមកម្ដងទៀតមានគ្នាចំនួន ០៤នាក់ រួមទាំងអាវុធ AK ស្វាយបត់ ០១ដើម ហើយបានសួរថា “ ឯងយករណាយន្តអញទៅណា? ” ខណៈនោះជនរងគ្រោះជាម្ចាស់ម៉ូតូបានឆ្លើយតបវិញថា “ខ្ញុំអត់បានយកទេ ” ក្រុមជនសង្ស័យនៅតែបង្ខំសំឡុតសួរ បើឯងមិនសារភាព ឬយករណាយន្តឱ្យអញវិញទេ អញបាញ់សម្លាប់ចោល និយាយមិនទាន់ផុតពីមាត់ផងបាញ់បុកដីចំនួន ០១គ្រាប់តែម្ដង ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចូលព្រៃ រួចពួកគេបានធ្វើសកម្មភាពដុតបំផ្លាញម៉ូតូអស់ចំនួន ០២គ្រឿង ដែលម៉ូតូពួកគាត់បានចតផ្សេងៗគ្នា ចំណែក ០២គ្រឿងទៀតប្រហែលជាពួកគេរកមិនឃើញ ហើយក៏បានគេចខ្លួនបាត់ស្រមោលតែម្ដង ។

ប្រភពដដែលបន្តទៀតថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនបង្កអាចជាអ្នករកស៊ីអារឈើដូចគ្នា ហើយអាវុធអាចលាក់ទុកនៅតំបន់នោះដើម្បីបាញ់សត្វព្រៃ សមត្ថកិច្ចបានស្រាវជ្រាវព័ត៌មាននៅកន្លែងកើតហេតុ និងធ្វើត្រាប់តាមរកឃើញក្បាលគ្រាប់ចំនួន ០១គ្រាប់ ដែលពួកគេបាញ់ភ្ជុចជាប់ក្នុងដី បានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចំណែកសំបកគ្រាប់រកមិនឃើញទេ អាចបៀមនៅក្នុងអាវុធ ឬពួកគេរើសយកទៅដើម្បីបំបាត់ភស្ដុតាង ។

ករណីនេះធ្វើឱ្យសមត្ថកិច្ចមានភាពស្មុគស្មាញក្នុងការស្រាវជ្រាវ ខណៈជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានដុតបំផ្លាញដូចជាពុំសូវបានសហការស្អិតល្មួតជាមួយសមត្ថកិច្ច ប៉ុន្ដែទោះបីយ៉ាងនេះក្ដីសមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវដើម្បីវែកមុខជនបង្ក និងការប្រើប្រាស់អាវុធដោយខុសច្បាប់ យកមកផ្តន្ទាទោស ៕ ប៉ឹម ពិន

photo_2016-09-25_15-08-41 photo_2016-09-25_15-08-04 photo_2016-09-25_15-08-18 photo_2016-09-25_15-08-31


ចែករំលែក៖