ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានភាពភ្ញាក់ផ្អើល ដោយសារតែនារីវ័យក្មេងម្នាក់ កំពុងដើរឆ្លងផ្លូវក៏ត្រូវម៉ូតូ និងរថយន្តបុកដួលបោកនឹងថ្នល់បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែល២០ឆ្នាំ រងរបួសបែកក្បាលធ្ងន់ ។ រីឯម៉ូតូបង្កម៉ាកស្កុកពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Q-6998 នឹងរថយន្តបង្កមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2Z-4419 បើកបរដោយស្ត្រីម្នាក់ ។
ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះដើរថ្មើរជើងតាមផ្លូវព្រះមុនីវង្ស លុះដើរមកដល់កន្លែងកើតហេតុខាងលើនារីរងគ្រោះបានដើរឆ្លងផ្លូវ បានពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវម៉ូតូបង្កម៉ាក់ស្កុបពី បើកបរដោយបុរសម្នាក់ យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកនារីរងគ្រោះពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ ហើយភ្លាមៗនោះស្រាប់តែរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នាមកបើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅកិនចំជើងនារីរងគ្រោះបន្ថែមទៀត រងរបួសធ្ងន់តែម្តង ។ រីឯអ្នកបើកម៉ូតូបង្កបានរងរបួសបែកក្បាលផងដែរ ។
ចំណែកឯនារីម្នាក់ដែលបើករថយន្តកិនជើងនារីរងគ្រោះដែលនោះ បានឲ្យដឹងដែរថា រូបគេមិនមានកំហុសនោះទេ ហើយមិនថា រថយន្តរបស់គាត់បើកកិននារីរងគ្រោះ ស្រាប់តែឃើញប្រជាពលរដ្ឋនាំគ្នាមកឃាត់រថយន្តឲ្យឈប់ទើបដឹងថា រថយន្តរបស់គាត់កិនមនុស្ស ។
ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរចុះវាស់វែងតាមជំនាញ រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ ៕ ស ដារ៉ា