បន្ទាយមានជ័យ: បុរសម្នាក់ស្រវឹងស្រាជោកខ្លួន ហេីយបេីករថយន្តបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត បង្កឲ្យស្រ្តីម្នាក់បានបង់ជីវិតនៅក្នុងរថយន្តយ៉ាងអាណោចអាធ័មបំផុត ។
ក្នុងហេតុការណ៍ខាងលេីនោះ គឺកេីតឡេីងនៅម៉ោង ៥ និង៥៥នាទីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចលេីស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការអោតដឹងពីមន្ត្រីប៉ូលិសចរាចផ្លូវគោករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា មុនពេលកេីតហេតុ មានបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា ជ្រេង សំណាង អាយុ៣១ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបេីករថយន្តម៉ាក តូយូតា ហាយទ្រីឌ ពាក់ស្លាក ភ្នំពេញ ២Z.៥១៩៩បានបុកជនរងគ្រោះដែលជិះម៉ូតូ សង់ពណ៌ខ្មៅ នៅចំណុចចំណតរថយន្តក្រុុងសិរីសោភ័ណ បណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ ។
ប៉ូលីសបានបន្តទៀតថា ក្រោយពីបុកម៉ូតូនៅចំណតរថយន្តរួច ជនបង្កបានរត់គេចខ្លួនទៅដល់ចំណុចស្ពានទឹកថ្លា ក្នុងទិសដៅពីកេីតទៅលិច ហេីយបានទៅបុកនឹងម៉ូតូជនរងគ្រោះមួយគ្រឿងទៀត ដែលមានគ្នាពីរនាក់ បណ្តាលអោយជនរងគ្រោះ រងរបួសធ្ងន់ ស្រាលតែម្តង ក្រោយមកជនបង្កបានរត់គេចខ្លួនតែទៅមិនរួច ដោយសារមានរថយន្តកាមរីមួយគ្រឿងទៀតទៅពីលិចទៅកេីតហេីយក៏ត្រូវរថយន្តបង្កដដែលនេះ បុករថយន្តកាមរីពេញទំហឹងបណ្តាលអោយស្រ្តីនៅក្នុងរថយន្តកាមរីនោះស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ តែម្តង ។
ប៉ូលិសបានបន្តទៀតថា ជនរងគ្រោះមានចំនួន១០នាក់ ក្នុងនោះស្លាប់ម្នាក់ ក្រៅពីនោះរងរបួសទាំងអស់ ។ ប៉ូលិសដដែលបានអោយដឹងទៀតថា ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កទាន់ពេលវេលា ហេីយអោយជនបង្កផ្លុំខ្យល់រកឃេីញថា មានជាតិស្រវឹងរហូតដល់0.7មីលី្លក្រាម ក្នុង១លីត្រខ្យល់។
ប្រភពបានបន្តទៀតថា ស្រ្តីដែលស្លាប់នៅក្នុងរថយន្តនោះមានឈ្មោះ សឹម សុខហ៊ាង អាយុ២៨ឆ្នាំរស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប៉ូលីសបានបន្តទៀតថា នៅក្នុងរថយន្តរបស់ជនបង្កនោះ គឺដឹកក្រុមគ្រួសាររបស់គេ មកពីស៊ីផឹករួចត្រឡប់ទៅក្រុងប៉ោយប៉ែតវិញ ហេីយក៏ជួបហេតុការណ៍ខាងលេីនោះតែម្តង ពេលនេះជនបង្កត្រូវបានប៉ូលិសវៃខ្នោះបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៣ ខែឆ្នាំ ដដែល ដេីម្បីចាត់ការតាមនិតិវិធីច្បាប់។ វណ្ណា