ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃ៧នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ ត្រូវ​បានបញ្ជូន​ទៅតុលាការខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ ជនជាតិថៃ​សរុបចំនួន​ ៧នាក់ (ស្រី៣នាក់) ពាក់ព័ន្ធ​ករណី​លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាដោយខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ នៅថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៥នេះ។

សូមជម្រាបថា​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ពេលដល់ភូមិសិលាខ្មែរ ក៏ប្រទះឃើញជនសង្ស័យ៧នាក់ (ស្រី៣នាក់) ជាជនជាតិថៃ លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។

ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់នេះតែម្ដង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែន ចូលមកកម្ពុជាពិតប្រាកដមែន។ ដោយសារពួកគេរស់នៅក្នុងប្រទេសថៃពុំមានប្រាក់ និងគ្មានការងារ ទើបសម្រេចចិត្តលួចឆ្លងដែនមកកម្ពុជា ដើម្បីរកការងារធ្វើ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕ដោយ​៖តារា​


ចែករំលែក៖