ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ៤៨ នាក់ ចេញពីកម្ពុជា ករណីជាប់ពាក់ព័ន្ធការលួចស្នាក់នៅខុសច្បាប់ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង ដោយបានធ្វើការបណ្តេញជនជាតិវៀតណាមសរុប ៤៨ នាក់ (ស្រី ៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ។

ការបណ្តេញចេញនេះ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ បន្ទាប់ពីជនបរទេសទាំងនេះត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសជាច្រើន រួមមាន៖

១.បំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា។

២.លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ (Online Scams)។

៣.លួចឆ្លងដែនខុសច្បាប់។

៤.រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនជាតិវៀតណាមទាំង ៤៨ នាក់នេះ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទទួលពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ៥ រួមមាន៖ ភ្នំពេញ ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ ព្រៃវែង និងពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ជ្រោយពេជ្រ


ចែករំលែក៖