ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបុកកុមារីដើរឆ្លងផ្លូវថ្នល់បណ្តាលឲ្យរងរបួស២នាក់នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កុមារីម្នាក់ និងបុរសម្នាក់បានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីគ្រោះថ្នាក់ដើរឆ្លងថ្នល់ ហើយត្រូវម៉ូតូបើកបុក ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហួសផ្លូវកោងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា កុមារីរងគ្រោះឈ្មោះ ញ៉េប កញ្ញា អាយុ១០ឆ្នាំ ជាសិស្ស រស់នៅ ភូមិ សង្កាត់ កើតហេតុ ។ រីឯបុរសបើកបរម៉ូតូបង្កឈ្មោះ ផៃ សុភា អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាលការពារវរៈ៨២១ ព្រំដែននៃស្នងការខេត្តប៉ៃលិន រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សាក្សីបានប្រាប់ថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះដើរឆ្លងថ្នល់ពីម្ខាងទៅម្ខាងទៀត ស្រាប់តែត្រូវម៉ូតូបុរសបង្កមកបុកពេញទំហឹងបណ្តាលឲ្យបោកក្បាលនឹងថ្នល់រងរបួស រីឯអ្នកបើកបរម៉ូតូបង្កឲ្យបានដួងរងរបួសផងដែរ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានទាក់ទងក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ៕ ស សារ៉េត

2 1


ចែករំលែក៖