ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងប្រាប់នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ(២៩កញ្ញាដល់៣តុលា២០១៦) ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ មានប្រជាពលរដ្ឋ២៨នាក់បានបាត់បងជីវិត ៩៤នាក់បានរងរបួសធ្ងន់ និង៥៥នាក់ទៀតរងរបួសស្រាល។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា បើប្រៀបធៀបរយៈពេល៥ថ្ងៃ នៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦ ទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ និងអ្នករបួស បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលនៅឆ្នាំ២០១៥ ចំនួនអ្នកស្លាប់មានរហូតដល់៤៥នាក់ (ធ្លាក់ចុះ១៧នាក់) អ្នករបួសធ្ងន់មានចំនួន១៣៩នាក់ (ធ្លាក់ចុះ៤៥នាក់) និងអ្នករបួសស្រាលចំនួន៧៩នាក់ (ធ្លាក់ចុះ២៤នាក់) ។
ការស្លាប់នេះគឺនៅផ្លូវជាតិលេខ១ ស្លាប់០៣នាក់, ផ្លូវជាតិលេខ៣ ស្លាប់០២នាក់, ផ្លូវជាតិលេខ៤ស្លាប់០២នាក់, ផ្លូវជាតិលេខ៥ ស្លាប់០៤នាក់, ផ្លូវជាតិលេខ៦ ស្លាប់០៣នាក់, ផ្លូវជាតិលេខ៧ ស្លាប់០២នាក់, ផ្លូវជាតិលេខ២១ ស្លាប់០២នាក់, ផ្លូវជាតិ៣៣ ស្លាប់១នាក់, ផ្លូវលំស្លាប់០២នាក់, ផ្លូវខេត្តស្លាប់០៧នាក់ ហើយចំពោះខេត្ត ដែលគ្រោះថ្នាក់និងរងគ្រោះច្រើន ជាងគេគឺខេត្តព្រៃវែងកើតឡើង៥លើក ស្លាប់៥នាក់របួស៥នាក់។
ក្នុងនោះដែរ ខូចខាតយានយន្ត : ម៉ូតូ៧៩គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្តធំ៤គ្រឿង, យានផ្សេងៗ៥គ្រឿង, ថ្មើជើង០៦នាក់ ។
លោកឧត្តមសេនីយ៍បន្តថា បើទោះបីជាចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងរងរបួសធ្លាក់ចុះយ៉ាងណាក្តី ឃើញថា សមត្ថកិច្ចនគរបាលចរាចរ នៅតែប្រុងប្រយ័ត្ន និងបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរថែមទៀត ដោយធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ជាមួយគ្នានេះដែរ ប្រធាននាយកដ្ឋានចរាចរាណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើង គ្រប់វិនាទីប្រសិនបើ បើកបរធ្វេសប្រហែសជាពិសេសនៅពេលដែលបងប្អូនវិលត្រឡប់មកពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញ ក្រោយពេលភ្ជុំបិណ្ឌរួចនេះ ៕ ប្រាថ្នា