ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពច្រកក្នុងបាវបោះចោលនៅចិញ្ចើមផ្លូវ នៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចចិញ្ចើមផ្លូវលំ ជាប់របងដីឡូតិ៍ទុកចោល ភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ភិនភាគ សក់ក្បាលស្លូតខ្លីពណ៌ខ្មៅកំពស់១,៦៥ម ។
យោងតាមការបំភ្លឺពីឈ្មោះ វៃ សុខរិទ្ធ ភេទប្រុស អាយុ១២ឆ្នាំ មានផ្ទះនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា : នៅវេលាម៉ោងប្រហែល០៨ និង០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ពេលនោះរូបគេកំពុងអង្គុយលេងនៅក្រោមផ្ទះ ពេលនោះស្រាប់តែជីតាឲ្យគេឡើងទៅមើលនៅផ្លូវពីខាងមុខផ្ទះឃើញមានរថយន្តដឹកលាមកមកមែន ហើយគេក៏រត់ឡើងទៅមើលឃើញមានរថយន្តដឹកសាំង១គ្រឿងធុងស៊ីទែនខាងក្រោយពណ៌ក្រហមចតនៅចិញ្ចើមផ្លូវ និងមានមនុស្សប្រុសចំនួន២នាក់បានសែងបាវពណ៌ក្រហមចេញពីក្នុងរថយន្តបោះចោលទៅដីព្រៃចិញ្ចើមផ្លូវ រួចក៏នាំគ្នាឡើងជិះរថយន្តបើកចេញទៅទិសខាងកើតបាត់ រួចគេក៏ចូលទៅក្នុងផ្ទះវិញ, នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្រាប់តែមានមនុស្សផ្អើលឆោឡោថាមានសាកសពច្រកក្នុងបាវ រួចគេក៏បានទៅមើលទើបដឹងថាបាវនោះជាបាវច្រកសាកសព។
សមត្ថកិច្ចជំនាញបានបញ្ចាក់ថា សាកសពត្រូវច្រក់បាវអង្ករពីក្បាលដល់ចង្កេះ ដាក់ច្រកក្នុងបាវមួយទៀតពណ៌ក្រហមឆ្នូតសចងមាត់បាវជិត រួចច្រកនៅក្នុងកាបូបថង់កៅស៊ូរ៉ូតបិទ។ នៅក្នុងបាវជាមួយសាកសពមានភួយ១, អាវដៃវែងពណ៌ខ្មៅ១, អាវរងាដៃវែងពណ៌ប្រផេះ១, ខោជើងវែងពណ៌ខ្មៅ១, កាបូបស្ពាយ១ នៅក្នុងកាបូបមានកញ្ចប់សាប៊ូកក់សក់, ច្រាស់ដុសធ្មេញ, កញ្ចក់ឆ្លុះមុខ, បន្ទះថ្នាំពេទ្យ, ប្រេងកូឡា, ម្សៅលាបមុខ, ម៉ាស់១កញ្ចប់, បៀរ១ហ៊ូរ, ឆ្នាំងសាក១, អាវយឺតដៃខ្លីពណ៌ស១, ខោទ្រនាប់ពណ៌ខ្មៅ១ និងក្រដាស់វីង១សន្លឹកសើមប្រឡាក់ទឹករងៃ។
ស្លាកស្នាមនៅលើខ្លួនសាកសពរួមមាន ៖ ផ្នែកក្បាល : ស្នាមជាំហើមនៅក្បាលខាងក្រោយចំហៀងខាងឆ្វេង១កន្លែង បែកលលាដ៍ព្រួកចូលក្នុង និងមានស្នាមដាច់រយះចំនួន៥កន្លែង។ ផ្នែកដងខ្លួន : ស្នាមរបួសដាច់រយះនៅចំហៀងខ្លួនខាងស្ដាំចំនួន៣កន្លែង ធ្លាយពោះវៀនចេញក្រៅ។ ផ្នែកអវៈយវ:
-ស្នាមរបួសដាច់រយះនៅស្មាខាងស្ដាំ១កន្លែង។
-ស្នាមរបួសដាច់រយះនៅដើមដៃខាងស្ដាំ១កន្លែង។
-ស្នាមរបួសដាច់រយះនៅភ្លៅខាងស្ដាំ។
បេីយោងតាមការពិនិត្យកន្លែងកើតហេតុ ការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា: (ជនរងគ្រោះស្លាប់ដោយវាយក្បាល កាប់ក្បាល និងខ្លួនប្រាណ (ឃាតកម្ម) ដោយសពស្លាប់រយ:ពេល៧២ម៉ោង
បច្ចុប្បន្ន:សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដេីម្បីស្វែងរកសាច់ញាតិ ៕

ដោយ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច