ភ្នំពេញ៖ លោក ជា សុខៃ ចៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើកបររថយន្តរបស់ខ្លួនបញ្រ្ចាសទិសក្នុងគោល បំណងបត់ចូលសាលាសង្កាត់ក៏ជ្រុលទៅ បុកពលរដ្ឋអ្នកជិះម៉ូតូបណ្តាលឲ្យរងរបួសស្រាល៣នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ២ ស្ថិតភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តលោកចៅសង្កាត់ចាក់អង្រែក្រោម គឺលោក ជា សុខៃ បើកបរតាមបណ្តោយផ្លូវលេខ២ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសផ្លូវក្នុងគោលបំណងបត់ចូលសាលាសង្កាត់។ ប៉ុន្តែ មិនទាន់ដល់ផ្លូវបត់ចូលផងក៏ជ្រុលបុកម៉ូតូ ២គ្រឿងបណ្តាលឲ្យរងរបួសមនុស្ស៣នាក់ស្រាល ។
ដោយឡែកមន្ត្រីសាលាសង្កាត់ចាក់ អង្រែក្រោមក៏បានព្យាយាមបកស្រាយថា ម៉ូតូជនរងគ្រោះជិះអត់មើលរថយន្តបត់ចូលសាលាសង្កាត់ក៏ជ្រុលមកបុករថយន្ត។ ទោះបីជាខំបកស្រាយយ៉ាងនេះក្តីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នេះក៏បណ្តាល មកពីរថយន្តលោកចៅសង្កាត់នោះបើកបរបញ្ច្រាសទិសមិនគោរពច្បាប់ចរាចរណ៍។
ទោះយ៉ាងនេះក្តីនៅក្នុងហេតុការណ៍ ដោយអចេតនានេះ លោក ជា សុខៃ ចៅ សង្កាត់ចាក់អង្រែក្រោម គឺខំព្យាយាមឲ្យ សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលធ្វើយ៉ាងណាប្រញាប់លើកម៉ូតូជនរងគ្រោះឡើងជាបន្ទាន់ ហើយមិនបាច់វាស់វែងអ្វីទេ ព្រោះរថយន្តខ្លួនជា អ្នកខុស។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោកចៅសង្កាត់ក៏បានចេញសំណងគ្រប់យ៉ាង ដល់ជនរងគ្រោះទាំងរបួសនិងថ្លៃខូចខាត ម៉ូតូ។ រថយន្តរបស់លោកចៅសង្កាត់ម៉ាក តូយ៉តាកាមរីឆ្លាមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B-1871៕ តាឡឹម