ខេត្តបាត់ដំបង ៖ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជិត២០០គ្រាប់ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់រាវរកឃើញជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវកៅស៊ូ១ខ្សែ ស្ថិតក្នុងក្រុម ទី១៧ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ថាបានប្រទះឃើញគ្រាប់ជាច្រើននៅក្នុងព្រៃតាមដងផ្លូវ ស្ថិតក្នុងក្រុមទី១៧ ភូមិ អូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ភ្លាមៗនោះ លោកក៏បានចុះទៅពិនិត្យមើលនិងរាយ ការណ៍បន្តទៅមន្ត្រីជំនាញស៊ីម៉ាក់ដើម្បី ចុះមកប្រមូលយកទៅរក្សាទុកនិងកម្ទេចចោល ។
លោកស្រី ហម ចន្ថា ប្រធានអប់រំផ្សព្វ ផ្សាយ និងសម្របសម្រួលការងារកងឯកភាពកម្ចាត់មីនទី២ប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថាមានករណីប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចខាងលើ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងជំនាញស៊ីម៉ាក់ចុះទៅរាវរកឃើញជាបន្តបន្ទាប់ ។ គ្រាប់ដែលរកឃើញនេះមាន គ្រាប់ប្រភេទត្បាល់៦០មិលី្លម៉ែត្រចំនួន១២គ្រាប់ កន្ទុយគ្រាប់ត្បាល់៦០មិល្លីម៉ែត្របូកនឹងកន្ទុយគ្រាប់ត្បាល់១០០មិលីម៉ែត្រសរុបចំនួន៣៥គ្រាប់ គ្រាប់B40ចំនួន៣គ្រាប់ គ្រាប់B41 ចំនួន១គ្រាប់ មីនស្គរចំនួន១៣គ្រាប់ គ្រាប់ រ៉ុក្កែត១០៧ មិលី្លម៉ែត្រចំនួន១គ្រាប់ ។
លោកបន្តថាគ្រាប់ទាំងអស់នេះបន្សល់ទុកពីសម័យសង្គ្រាមមានមួយចំនួនខូចនិងមួយចំនួនទៀតនៅអាចផ្ទុះសម្លាប់ជីវិត មនុស្សនិងសត្វបាន ។
ក្រោយពីពិនិត្យនិងប្រមូលរួចរាល់ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញស៊ីម៉ាក់បានសន្និដ្ឋានថាទំនងប្រហែលជាខាងស្តង់អេតចាយជាអ្នកដឹកយកមកចោល ។
បច្ចុប្បន្នគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់យកទៅរក្សាទុកដើម្បីដុតកម្ទេចចោល ។
ក្នុងនាមសមត្ថកិច្ចនិងមន្ត្រីជំនាញស៊ីម៉ាក់សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើសិនជាបានប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅទីកន្លែងណា សូមរាយការណ៍មកកាន់សមត្ថកិច្ចឬមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីចុះទៅប្រមូលយកមកដុតកម្ទេចចោល ៕ សហការី