ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េពីក្រោយដែលកំពុងចតស្ងៀមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ប្រមូលសំរាម។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក សង់ឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9973 បើកតាមបណ្តោយផ្លូវ ហាណូយ ធ្វេីដំណេីរក្នុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនដឹងថា បុរសខាងលើគេចអ្វីនោះឡើយ ក៏ឃើញទៅបុករថយន្តកូរ៉េដឹកខ្សាច់ថ្ម មួយគ្រឿង កំពុងចតចោល នៅលេីផ្លូវពេញទំហឹង បណ្តាលឲ្យបុរសខាងលេីស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច