ខេត្តមណ្ឌលគិរី៖ នាយប៉ុស្តិ៍នគរបាល ឃុំស្រែអំពូមត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបន្ទាប់ពីមេប៉ុស្តិ៍រូបនេះស្រវឹងស្រាប្រើអំពើហិង្សាមកលើប្រពន្ធ។ មិនតែប៉ុណ្ណោះបានយកកាំភ្លើងអាកាស្វាយបត់មកបាញ់គំរាមកំហែង៣គ្រាប់តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់ប្រពន្ធនោះទេ។ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះនៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុក ពេជ្រាដា។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធឈ្មោះ រ៉ា បូរិទ្ធ ហៅដុល ភេទប្រុស អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ រីឯប្រពន្ធឈ្មោះ សំអឿន ថាវីផ្ល អាយុ២៣ឆ្នាំជាជនជាតិព្នង មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ពលរដ្ឋដែលរស់នៅម្តុំនោះនិយាយរិះគន់ថាក្នុងនាមខ្លួនជាមេប៉ុស្តិ៍ជាអ្នកអនុ វត្តច្បាប់បែរជាប្រើអំពើហិង្សាទៅលើប្រពន្ធដោយយកអាវុធមកគំរាមកំហែងធ្វើឲ្យពួកគាត់មានការភ័យខ្លាច ។
ពួកគាត់សូមសំណូមពរនិងស្នើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន សូមមានចំណាត់ការទៅលើមន្រ្តីនគរបាលរូបនេះកុំឲ្យយកកាំភ្លើងមកបាញ់បោះដែលបង្កឲ្យភ្ញាក់ផ្អើល ដូច្នេះទៀត៕ ហេង នរិន្ទ្រ