ព័ត៌មានទាន់ហេតុការណ៍៖

ព្រាបនាំសារគំរាមនាយករដ្ឋមន្ត្រីឥណ្ឌាត្រូវបានចាប់ខ្លួន

ចែករំលែក៖

ប៉ូលិសឥណ្ឌាបានចាប់ខ្លួនសត្វព្រាបដែលមានសារគំរាមនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ សត្វព្រាបខាងលើត្រូវបានគេប្រទះឃើញនៅទីក្រុង Pathankot រដ្ឋ Punjab ជាប់ព្រំដែនប្រទេស ប៉ាគីស្ថាន។ តាមរបាយការណ៍ឲ្យដឹងថា សារដែលសត្វព្រាបខាងលើនាំទៅនោះ មានខ្លឹមសារគំរាមថាយុវជនប៉ាគីស្ថាន បានត្រៀមលក្ខណៈធ្វើសង្គ្រាមប្រឆាំង ឥណ្ឌា។
តំបន់ខាងលើគឺជាទីតាំងដែលមាន សង្គ្រាមបង្ហូរឈាម វាយប្រហារពីប៉ាគីស្ថានកាលពីខែមករាកន្លងមក។ ប៉ូលិសឥណ្ឌា បានបញ្ជាក់ថា ពួកគាត់បានចាប់ព្រាបនោះកាលពីយប់ថ្ងៃទី៣ ខែតុលា ហើយ រកឃើញមានក្រដាសមួយសន្លឹកសរសេរគំរាមកំហែងឥណ្ឌាថា យើងមិនដូចកាល ពីឆ្នាំ១៩៧១ឡើយ ពេលនេះកុមារប៉ាគីស្ថានបានត្រៀមលក្ខណៈប្រឆាំងឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា ម៉ូឌី បានចោទប្រកាន់ប៉ាគីស្ថានថា ជាប្រទេសដែលនាំភេរវកម្មចេញទៅគ្រប់ទិសទីទាំងអស់។ នេះជាប្រតិកម្មជាសាធារណៈលើក ទី១ធ្វើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌាគិត តាំងពីមានការវាយប្រហារទៅលើបន្ទាយកងទ័ពមួយកន្លែងនៅតំបន់កាស្មៀរធ្វើឲ្យស្លាប់ទាហានឥណ្ឌា១៨នាក់។

កន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌាបាន បញ្ជាក់ថា “យើងបានទទួលឯករាជ្យក្នុង ឆ្នាំតែមួយដូចគ្នា ប៉ុន្តែបច្ចុប្បន្នឥណ្ឌានាំ ចេញកម្មវិធីទាក់ទងនឹងកុំព្យូទ័រប៉ាគីស្ថាននាំចេញក្រុមភេរវជន” នេះជាពាក្យចោទប្រកាន់របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារេន ដ្រា ម៉ូឌី ទៅលើប៉ាគីស្ថាន។ លោក ម៉ូឌី បាន បញ្ចេញប្រតិកម្មលើកដំបូងជាសាធារណៈ នៅរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេស ក្រោយ ពីកងទ័ពឥណ្ឌា១៨នាក់ បានស្លាប់នៅ បន្ទាយទ័ពក្នុងតំបន់កាស្មៀរឥណ្ឌាកាល ពីថ្ងៃអាទិត្យសប្តាហ៍មុន។

កងទ័ពឥណ្ឌាបានចោទក្រុមជីហាដ មួយក្រុមដែលមានមូលដ្ឋានក្នុងទឹកដីប៉ាគី ស្ថានថា បានបង្កការវាយប្រហារនេះ។ ក្រុម ជីហាដដដែលនេះក៏រងការចោទប្រកាន់ពីឥណ្ឌាដែរថា បានវាយប្រហារមូលដ្ឋានទ័ពអាកាសឥណ្ឌានៅតំបន់ពេនចាបភាគខាងជើងសម្លាប់មនុស្ស៧នាក់កាលពីខែមករាដើមឆ្នាំ២០១៦នេះ។

កាលពីថ្ងៃសៅរ៍មុននេះនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានជួបថ្នាក់ដឹកនាំកងទ័ពជាច្រើន រូបដែរ ហើយក៏ប្រហែលជាបានពិភាក្សាជាមួយកងទ័ពស្តីពីការវាយប្រហារបន្ទាយទ័ព ដែលបានកើតឡើងកាលពីសប្តាហ៍មុន។

ឥណ្ឌាតែងតែចោទប៉ាគីស្ថានថា បាន បំពាក់អាវុធដល់ក្រុមឧទ្ទាម និងបញ្ជូនក្រុមឧទ្ទាមឲ្យឆ្លងកាត់បន្ទាត់ព្រំដែនដែលបែងចែកឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀរ។ យោងតាមនាយករដ្ឋមន្ត្រីឥណ្ឌាថា កងទ័ពឥណ្ឌាបានទប់ស្កាត់ការប៉ុនប៉ងបង្កប់ខ្លួននៅតាមព្រំដែន ហើយបានសម្លាប់បណ្តា ជនដែលចង់ធ្វើសកម្មភាពវាយប្រហារ ដល់ទៅ១១០នាក់ក្នុងរយៈពេលចុងក្រោយ នេះ។

ប៉ាគីស្ថានតែងតែបដិសេធរាល់ការចោទ ប្រកាន់របស់ឥណ្ឌាថា ខ្លួនជាដើមហេតុនៃការវាយប្រហារនៅកាស្មៀរ។ ក្នុងមហា សន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រី ណាវ៉ា ហ្សារីហ្វ បានរិះ គន់ឥណ្ឌាទាក់ទងនឹងតំបន់ជម្លោះកាស្មៀរ។ លោក ហ្សារីហ្វ ចោទថា ឥណ្ឌាបង្កការរាំងស្ទះដល់សុខសន្តិភាព៕ ម៉ែវ សាធី

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី


ចែករំលែក៖