ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជាជនរងគ្រោះដោយសារ «សត្វស្វាន» ខាំនៅស្រុកមោងប្ញស្សីបានទទួលមរណភាពដោយសារឆ្លងរោគ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្រីរងគ្រោះម្នាក់ក្នុងចំណោម០៤នាក់ ដែលត្រូវសត្វឆ្កែចចកខាំ កាលពីដើមខែតុលាកន្លងទៅនេះ បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ កាលពីវេលាម៉ោង៦និង០៦នាទីព្រឹកថ្ងៃទី២៨ ខែតុលា ដោយសារឆ្លងជំងឺមេរោគ

«ឆ្កែឆ្គួត» ។  នេះបើយោងតាម«លិខិតមរណភាព»ដែលគ្រូពេទ្យបានបញ្ជាក់។

ជនរងគ្រោះឈ្មោះ ថឹង ស៊ី ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិពោធិ៏១ ឃុំគារ ស្រុកមោងឫស្សី ។  នៅក្នុងលិខិតមរណភាពរបស់គ្រូពេទ្យបានបញ្ជាក់ថា  ជនរងគ្រោះបានចូលសម្រាកក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នៅវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែតុលា លុះនៅម៉ោង៦ និង០៦នាទីព្រឹកថ្ងៃទី២៨ ខែតុលា ជនរងគ្រោះក៏បានទទួលមរណភាព ដោយសារមានឆ្លងជំងឺ

«ឆ្កែឆ្គួត»ធ្ងន់ធ្ងរ ។

របាយការណ៍រដ្ឋបាលឃុំគារក៏បានរាយការណ៍ថា  ជនរងគ្រោះរួមជាមួយពលរដ្ឋដែលត្រូវឆ្កែចចកខាំដទៃទៀតបានទទូលការព្យាបាលរួចហើយ ក្រោយត្រូវសត្វចចកនេះខាំ ។  ប៉ុន្តែរហូតមកដល់ថ្ងៃទី២៥ ខែតុលា គាត់មានអាការៈចុកពោះ

ក្អូត ហើយបងប្អូនក៏បញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើ ។  លុះនៅព្រឹកថ្ងៃទី២៨ ខែតុលា ជនរងគ្រោះក៏

ទទួលមរណភាព ដែលគ្រូពេទ្យបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយឆ្លងជំងឺ«ឆ្កែឆ្គួត»។

គួររំលឹកថា  កាលពីថ្ងៃទី០៦ តុលា កន្លងទៅនេះ «សត្វឆ្កែចចក» ដែលអ្នកភូមិខ្លះ ហៅថា «សត្វស្វាន» បានបែកហ្វូងរត់ចេញពីទីជម្រកក្នុងតំបន់ទន្លេសាប ដោយសារទឹកឡើងលិចព្រៃលិចទីជម្រករបស់វា។ ពួកវា បានរត់ចូលក្នុងភូមិ ហើយបានដេញខាំអ្នកភូមិបណ្ដាលឲ្យរងរបួសចំនួន០៤នាក់បន្តបន្ទាប់ ក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ។

យោងតាមប្រភពព័ត៌មានក្នុងពេលនោះ ក្នុងចំណោមជនរងគ្រោះទាំង០៤នាក់ មាន០២នាក់ជាស្ត្រី  ហើយមានចំនួន០៣នាក់ រស់នៅភូមិពោធិ៍១ និងម្នាក់ទៀត រស់នៅភូមិអូរគ្រាត ។  ប៉ុន្តែកាលនោះ ជនរងគ្រោះឈ្មោះ ថឹង ស៊ី ភេទស្រី អាយុ៦៦ឆ្នាំ ដែលទទួលមរណភាពខាងលើនេះ ហាក់របួសធ្ងន់ធ្ងរជាងគេនៅត្រង់មាត់ ។

ប្រជាពលរដ្ឋដែលបានប្រទះឃើញហ្វូងសត្វចចកនេះ ភាគច្រើនតាមបណ្ដាភូមិនានាក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដែលជាភូមិនៅជាប់ព្រៃរនាមតំបន់ទន្លេសាប ដែលសំបូរសត្វចចកនេះរស់នៅ។ សត្វឆ្កែចចកនេះបានបែកហ្វូងរត់ចូលភូមិ ដោយសារទឹកឡើងលិចលង់ទីជម្រករបស់វា។   ពួកវាបានដេញខាំសត្វក្នុងស្រុក និងដេញខាំមនុស្សផ្អើលពេញភូមិ  រហូតរដ្ឋបាលស្រុកមោងឫស្សីចេញសេចក្ដីប្រកាសអាសន្នដល់អ្នកភូមិឲ្យមាន ការប្រុងប្រយ័ត្ន និងបង្កើនកម្លាំងក្នុងមូលដ្ខានឲ្យជួយត្រូតពិនិត្យតាមឃ្លាំមើលជាប្រចាំចំពោះសកម្មភាពភាពហ្វូងសត្វចចកដ៏កាចសាហាវនេះ ។

ពាក់ព័ន្ធនឹងរឿងឆ្កែចចកព្រៃដ៏កាចសាហាវខាំមនុស្សខាងលើនេះ បើតាម

«អគ្គនាយកដ្ឋានសុខភាពសត្វព្រៃ និងផលិតកម្មសត្វ» ក៏បានបង្ហាញពីលទ្ធផលនៃការរកឃើញជំងឺ «ឆ្កែឆ្គួត» ដែលមាននៅលើសត្វឆ្កែចចកនេះដែរ ។ នៅក្នុងរបាយការណ៍របស់«អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ» ចុះថ្ងៃទី ២២ ខែតុលា ឆ្លាំ២០២៥ ដែលនគរវត្តទើបទទូលបាននៅថ្ងៃទី២៨ តុលា នេះ ក្នុងកម្មវត្ថុ៖ របាយការណ៍ស្ដីពី«លទ្ធផលនៃការវិភាគខួរក្បាលចចក យកមកពីខេត្តបាត់ដំបង»។

របាយការណ៍ការនេះបានឲ្យដឹងថា  «មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ»  បានធ្វើការវិភាគលើខួរក្បាលចចក យកមកពីភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

តាមលទ្ធផលវត្ថុវិភាគរបស់វិទ្យាស្ថាននេះ បានបញ្ជាក់ថា «វិជ្ជមានឆ្កែឆ្គួត»។   បានន័យថា សត្វឆ្កែចចកដែលដេញខាំអ្នកភូមិឲ្យរងរបួសចំនួន០៤នាក់ខាងលើនេះ ជាសត្វដែលមានជំងឺ«ឆ្កែឆ្គួត» ដែលអាចចម្លងដល់មនុស្សយ៉ាងសាហាវបំផុត ប្រសិនបើវាខាំ ។  បើដូច្នេះមែន ក្រុមគ្រួសារជនរងគ្រោះដទៃទៀត ឬអាជ្ញាធរ ឬគ្រូពេទ្យជំនាញគួរតែបញ្ជូនជនរងគ្រោះប៉ុន្មាននាក់ទៀតទៅកាន់មន្ទីរពេទ្យ ដើម្បីត្រូតពិនិត្យរោគសញ្ញា និងព្យាបាលឲ្យបានដឹតដល់បំផុត ក្រែងមានជំងឺឆ្លងពីសត្វចង្រៃដ៏កាចសាហាវនេះ៕


ចែករំលែក៖