ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តី ត្រូវបាននគរបាលឃាត់ខ្លួន ខណៈដែលផឹកស្រាស្រវឹង តែងតែរករឿងឈ្លោះ ប្រពន្ធចាក់សោរទ្វារមិនឱ្យចូលផ្ទះក៏កើតចិត្តខឹងទាញយកម៉ូទ័រកាត់បំផ្លាញទ្រព្យសម្បត្តិ ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងឱ្យនគរបាលឃាត់ ។
ករណីហិង្សាប្តីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ បានកើតឡើង កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានឱ្យដឹងថា បុរសជាប្តី ដែលនគរបាលឃាត់ខ្លួនឈ្មោះផន សុង ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានបន្តថា នៅមុនពេលកើត ហេតុ កាលពីវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី បុរសឈ្មោះ ផន សុង រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកម៉ូទ័រកាត់សោទ្វារចំនួន០៣ ពីខាងមុខ០២ និងចំហៀងចំនួន០១ ដែលឈ្មោះ ជុំ ចិន្ដា ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធបានចាក់មិនឲ្យចូលក្នុងផ្ទះ ។
នគរបាលស្រុកគងពិសី បានបន្តទៀតថា មូលហេតុដែលបុរសជាប្តីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះមកពីផឹកស្រាស្រវឹង ហើយខឹងនឹងប្រពន្ធខ្លួនឯង បានចាក់សោទ្វារមិនឲ្យចូលក្នុងផ្ទះ ។ ព្រោះតែកន្លងមក ជនសង្ស័យជាប្តីធ្លាប់ជាប់មណ្ឌលអប់រំកែប្រែព្រែកឯងរយ:ពេល០១ខែ និងធ្លាប់ប្រើអំពើហិ.ង្សាលើប្រពន្ធចំនួន០២លើក ហើយព្រមទាំងធ្លាប់ធ្វើកិច្ចសន្យាឈប់ប្រើហិ.ង្សាចំនួន០១លើក នៅអធិការដ្ឋាននគរបាលស្រុកគងពិសីថែមទៀតផង ប៉ុន្តែមិនរាងចាលក៏ប្រពន្ធដាច់ចិត្តដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់ខ្លួនតែម្តងទៅ ។
នគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យជាប្តីខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច