ខេត្តកំពង់ស្ពឺ៖ ថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិត្រពាំងថ្លុង បានរិះគន់ដល់ក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនៅលើបណ្តោយផ្លូវជាតិលេខ៥១ ដែលបច្ចុប្បន្នបានចាក់ដីលុបប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យលិចលង់លំនៅឋានរបស់ពួកគាត់ ហើយជាមួយគ្នានោះ ក៏បានសំណូមពរដល់គណៈអភិបាលខេត្ត មេត្តាពិនិត្យទៅលើក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនេះផង ។
ទីតាំងដែលប្រជាពលរដ្ឋបានរិះគន់ និងសំណូមពរដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ខាងលើនេះ ស្ថិតនៅឃុំដំណាក់រាំង ស្រុកឧដុង្គ ស្រុកកំពង់ស្ពឺ ដែលក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនេះ បានចាក់ដីលុបទៅលើប្រឡាយ បិទការបង្ហូរទឹក រួចលិចលង់ដល់លំនៅឋានរបស់ពួកគាត់នៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយកន្លងមក តាំងពីក្រុមជញ្ជីងថ្លឹងរថយន្តនេះមិនទាន់មាន លំនៅឋានរបស់ពួកគាត់ ក៏ដូចជាផ្លូវមិនមានបញ្ហាអ្វីឡើយ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា រយៈពេលកន្លងមក មានភ្លៀងធ្លាក់ជោគជាំ ហើយប្រឡាយទឹកត្រូវបានចាក់លុប ដោយគ្មានដាក់ប្រព័ន្ធលូ ដែលបញ្ហាទាំងនេះ បានឲ្យទឹកភ្លៀងហូរសាចពាសពេញ រងការខូចខាតដល់ផ្លូវ មិនតែប៉ុណ្ណោះ លិចចូលលំនៅឋានរបស់ពួកគាត់ ប៉ះពាល់ដល់ផលដំណាំផងដែរ ។
ពួកគាត់បានបន្តទៀតថា ការដាក់ជញ្ជីងថ្លឹងរថយន្តរបស់ក្រុមហ៊ុន ពួកគាត់មិនជំទាស់នោះទេ ប៉ុន្តែសុំធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ហើយសុំដាក់ប្រព័ន្ធលូឲ្យបានត្រឹមត្រូវកន្លែងស្ថានីយជញ្ជីងថ្លឹងយានយន្តនោះផង ។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងថា តាំងពីក្រុមហ៊ុនស្ថានីយជញ្ជីងថ្លឹងរថយន្តនេះចាប់ផ្តើមពីពេលណាមក គឺផ្លូវជាតិបានរងការខូចខាតជាអន្លើៗ ហើយក្រុមហ៊ុននោះមិនបានយកចិត្តទុកដាក់ កែលម្អ ឬជួសជុលអ្វីឡើយ ក្រៅតែពីប្រមូលយកលុយដាក់ចូលហោប៉ៅប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីស្នើសុំឲ្យអភិបាលខេត្តមេត្តាពិនិត្យលើករណីនេះ ក៏សុំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាចាត់តំណាង ឬមន្ត្រីក្រោមឱវាទរបស់លោកចុះពិនិត្យដល់ទីតាំងខាងលើផង ៕ អារុណរះ