ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្រោយកាច់ក ម៉ូតូមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពកាច់ក ម៉ូតូមួយគ្រឿងមិនបានសម្រេច ត្រូវម្ចាស់ឃេីញទាន់ស្រែកឆោឡោផ្អេីលពលរដ្ឋដេញចាប់បានម្នាក់រួចប្រគល់ជូនសមត្ថកិច្ច

កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទល់មុខហាងលក់ខោអាវយីហោ PT ផ្លូវចោមចៅ​ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ឃាត់បាន មានឈ្មោះ សៀង ហាក់លី អាយុ ៥៣ ឆ្នាំ មុខរបរនិងទីលំនៅមិនច្បាស់លាស់។ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ស្រ្តីម្ចាស់ម៉ូតូបានប្រាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-5299 មកទុកនៅមុខហាង PT រួចចូលទៅក្នុងហាង។ មិនយូរប៉ុន្មាន ស្រាប់តែលេចមុខបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមិនច្បាស់ម៉ាក មកឈប់ជិតហាង។ បុរសម្នាក់ដែលអង្គុយពីក្រោយបានចុះចូលទៅកាច់ក ម៉ូតូ តែត្រូវម្ចាស់ឃើញទាន់ ស្រែក “ចោរៗ!” ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន។

បន្ទាប់មកជនសង្ស័យត្រូវបានវាយទ្រោមខ្លួន រួចទើបហៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំបន្ត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំបន្ថែម និងចាត់ការតាមនីតិវិធីផ្លូវច្បាប៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖