ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជននៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានទប់ស្កាត់ពលករ ប្រុស ស្រីចំនួន១៣៧នាក់ដែលបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃកាលពីរសៀលថ្ងៃទី៤ ខែតុលាឆ្នាំ២០១៦នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងប្រតិបតិ្តការទប់ស្កាត់ពលករ បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅចំណុចខាងលើនោះដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯកអោក សំណុកនាយ រងការិយាល័យប្រចាំការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំង នគរបាលឃុំអូរបីជាន់និងកម្លាំងការពារព្រំដែនគោក៩១១ ។
លោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនថានៅក្នុងការចុះទប់ស្កាត់ពលករប្រុស ស្រីបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃនេះកម្លាំងលោកបានឃាត់ដំណើរពល រដ្ឋ១៣៧នាក់ក្នុងនោះមានស្រី៦៣នាក់ ។
ពលករដែលបម្រុងឆ្លងដែនទាំងនោះមកពីខេត្តបន្ទាយមានជ័យចំនួន៦២នាក់ស្រី២៩នាក់/មកពីខេត្តសៀមរាប៤៦ នាក់ ស្រី ២១នាក់និងមកពីខេត្តកំពងធំ២៩នាក់ ស្រី១៣នាក់ ។
លោកបញ្ជាក់ថា ពួកគាត់មានបំណងទៅស្វែងរកការងារធ្វើនៅក្នុងខេត្តស្រះកែវនិងខេត្តត្រាត ប្រទេសថៃ ហើយការលួចឆ្លងដែនរបស់ពួកគាត់គ្មានមេខ្យល់ដឹកនាំទេ ពោលគឺធ្វើឡើងដោយខ្លួនឯងនិងតាមរយៈបងប្អូនសាច់ញាតិទៅធ្វើការងារជាកម្មករសំណង់និងមួយចំនួនទៀតទៅធ្វើការជាកម្មករចម្ការ ដំឡូង ពោត និងចម្ការអំពៅ ។ ការសម្រេចចិត្តឆ្លងដែនខុសច្បាប់របស់ ពួកគាត់ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត ។ ពួកគាត់បានឆ្លងដែនតាមច្រករបៀងអូរបីជាន់ ចំការគនឹងច្រក របៀងក្ដិបថ្មក្នុងស្រុកអូរជ្រៅ/ស្រុកថ្មពួក និងស្រុកស្វាយចេក ។
លោកបន្ថែមថាចំពោះពលករទាំងនោះ ក្រោយពីបានសាកសួរបំភ្លឺយើងបានអប់រំណែនាំអំពីគ្រោះថ្នាក់បញ្ហាប្រឈមនានា ចំពោះការទៅធ្វើចំណាកស្រុកដោយខុស ច្បាប់និងបានធ្វើកិច្ចសន្យាឲ្យពួកគាត់ ត្រឡប់ទៅលំនៅឋានខ្លួនវិញ ៕ វណ្ណា