ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជា ពលរដ្ឋនាំគ្នាដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗខណៈដែលរូបគេបានប្រើល្បិចហៅម៉ូតូឌុបជិះ ហើយអត់លុយឲ្យធ្វើជាខ្ចីទូរស័ព្ទនិយាយទៅលុយមិត្តភក្តិ លុះ បានទូរស័ព្ទដល់ដៃ ហើយក៏រត់គេចខ្លួនតែ រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់បាន ប៉ុន្តែករណីនេះជនរងគ្រោះមិនបានដាក់ ពាក្យបណ្តឹងឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងលិចស្ពានអាកាស៧មករាផ្លូវសហព័ន្ធរុស្សីក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ។
ជនសង្ស័យមានឈ្មោះ ឆេង ផេង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ។ ចំណែកជនរង គ្រោះជាអ្នករត់ម៉ូតូឌុបក្រោយពីកើតហេតុ មិនបានមកដាក់ពាក្យបណ្តឹងឡើយ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុន ពេលកើតហេតុគេឃើញជនសង្ស័យខាងលើបានហៅម៉ូតូឌុប១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះក្នុងទិសដៅ ឆ្លងស្ពានអាកាស៧មករាពីកើតទៅលិច។ ខណៈមកដល់ចំណុចខាងលើជនសង្ស័យក៏ឲ្យម៉ូតូឈប់ ស្រាប់តែឮសំឡេងអ្នកបើកម៉ូតូស្រែកថាចោរៗឆក់ទូរស័ព្ទដៃរបស់គាត់។ ពេលនោះជនសង្ស័យរត់ឆ្លងផ្លូវចូលក្នុងដីឡូមួយកន្លែងក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ប្រាប់ថា គាត់មិនបានឆក់យកទូរស័ព្ទដៃ បុរសខាងលើឡើយហើយជនសង្ស័យបានប្រាប់ទៀតថា នៅមុនពេលកើតហេតុគាត់ បានហៅម៉ូតូឌុបជិះចេញពីម្តុំវត្តភ្នំមកចំណុច ខាងលើក្នុងតម្លៃ៤.០០០រៀល ខណៈមក ដល់គោលដៅ ហើយលើគាត់មានលុយតែ១.០០០រៀលឲ្យទៅអ្នករត់ម៉ូតូឌុប។ ពេល នោះអ្នករត់ម៉ូតូឌុបបានដកទូរស័ព្ទដៃមិនស្គាល់ម៉ាកមកទូរស័ព្ទដោយគំរាមថា ហៅ ប៉ូលិសមកចាប់ ទើបខ្លួនភ័យក៏រត់ឆ្លងផ្លូវគេចខ្លួនតែម្តងទៅ តែត្រូវគេចាប់ឃាត់ខ្លួនដោយ ចោទមកលើខ្លួនថា ជាចោរឆក់ទូរស័ព្ទទៅ វិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់សាក សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ៕ តុង សីហា