ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយខេត្តកំពត ណែនាំឱ្យបង្កើនការរក្សាសន្តិសុខជូនអ្នកទេសចរ និងមិនត្រូវតម្លើងថ្លៃគ្រប់សេវាកម្មក្នុងឱកាសបុណ្យអុំទូក

ចែករំលែក៖

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងក្នុងកិច្ចប្រជុំថា ក្រោយពីរដ្ឋបាលខេត្តបានរៀបចំឡើងនូវឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ រាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះមានភ្ញៀវទេចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់។

ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានគូសបញ្ជាក់ដែរថា កត្តាដែលនាំឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងដើរលេងកម្សាន្តដោយសប្បាយរីករាយក្នុងខេត្តនោះ ក៏ដោយសារតែការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរពីសំណាក់អាជ្ញារ និងកងកម្លាំងទាំងអស់។ ដូច្នេះអាជ្ញាធរក្រុង-ស្រុក រួមនឹងកងកម្លាំងគ្រប់ប្រភេទ ត្រូវបន្តធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរ ដែលនឹងទៅលេងកម្សាន្តក្នុងខេត្តនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឱ្យបានល្អប្រសើរបំផុត ទោះបីកន្លងពុំមានភាពមិនប្រក្រតីណាមួយកើតឡើងក៏ដោយ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់អាជីវករ សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវមានការតម្លើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ហើយត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាលើកមុខមាត់ខេត្ត និងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពត មិនមានការរៀបចំធ្វើពិធីប្រណាំងទូកង និងកម្មវិធីកម្សាន្តសប្បាយនោះទេ តែទោះជាយ៉ាងណាមន្ត្រីជំនាញរំពឹងថា ខេត្តនឹងមានភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តច្រើន ខណៈមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ត្រូវបានកក់ពេញ។

ខេត្តកំពតមានរមណីយដ្ឋានសហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕


ចែករំលែក៖