ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិជ្រើសរើសបានអគ្គលេខាធិការថ្មីជំនួសលោកបាន គីមូន

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterresកាលពីថ្ងៃទី៥ ខែតុលា ត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសលោកបានគីមូន ។

សារព័ត៌មាន AFP បានផ្សាយថា ជាមួយនិងសម្លេងគាំទ្រ១៣ និងអនុប្បវាទ២សម្លេង ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជ្រើសរើសលោក Antonio Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក VitalyChukin ក្នុងនាមជាប្រធានក្រុមព្រឹក្សាបានប្រកាសពីការតែងតាំងខាងលើ លោកបានបញ្ចាក់ថា «យើងទាំងអស់គ្នាបានគាំទ្រ លោក Antonio Guterres។ យើងសង្ឃឹមថាគត់នឹងបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អក្នុងតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងរយៈពេល៥ឆ្នាំ»។

ការបោះឆ្នោតក្រៅផ្លូវការកាលពីថ្ងៃទី៥ខែតុលា មានសារសំខាន់យ៉ាងខ្លាំង ដោយសារតែនេះជាការបោះឆ្នោតលើកទីមួយដែលមានសមាជិកអាចិន្ត្រៃទាំង៥ដែលមានសិទ្ធច្រានចោល បេក្ខភាពដែលខ្លួនមិនគាំទ្រ។ ប៉ុន្តែលោកAntonio Guterresមិនត្រូវបានច្រានចោលនោះឡើយ ហើយទទួលបានសម្លេងគាំទ្រ លើពី៩សម្លេងចាំបាច់តៀតផងដើម្បីជាប់ឆ្នោត។

ការបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលានេះ ហើយប្រសិនបើទទួលបានការគាំទ្រនោះ លោកAntonio Guterresនឹងចាប់ផ្តើមកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងមួយអាណត្តិ៥ឆ្នំាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លោក Antonio Guterres ជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាលកាន់តំណែងចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ ។ លោកនិយាយបាន៤ភាសា គឺអង់គ្លេស បារាំង អេស្បាញនិង ព័រទុយហ្គាល ៕ ម៉ែវ សាធី

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterres

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterres


ចែករំលែក៖