ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។
កិច្ចប្រជុំកំពូលនេះ មានវត្តមានចូលរួមដោយ លោក Roger V. Navarro អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader លោកស្រី Yvonne Pinto អគ្គនាយិកា នៃវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងឯកឧត្តម លោកស្រី ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីប្រទេសនានាជុំវិញពិភពលោក ដែលជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់អនាគតប្រកបដោយចីរភាពនិងភាពរីកចម្រើនសម្រាប់ដំណាំអាហារដ៏សំខាន់មួយរបស់មនុស្សជាតិ ដែលនោះគឺ អង្ករ។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្នក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។
ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននាពេលអនាគតដូចជា៖ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។
មុននឹងបញ្ចប់ ឆ្លៀតក្នុងវេទិកាដ៏សំខាន់នេះ លោកស្រីរដ្ឋមន្ត្រី បានអញ្ជើញអ្នកចូលរួមទាំងអស់ អ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្កកម្ពុជា។
សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច