ខេត្តកណ្តាល÷បុរស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់ពួកគេត្រូវបានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង ៣០នាទីទាបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៤-៤៥ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ ជាអ្នកជិះម៉ូតូជាមួយគ្នា។ អ្នកបើកបរម៉ូតូមានឈ្មោះ ស្រ៊ា ស្រ៊ាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅខេត្តព្រៃវែង (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆាន់ រ័ត្ន ភេទ ប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មានស្រុកកំណើតនៅខេត្តស្វាយរៀង។
លោកអធិការបន្តថា ម៉ូតូជនរងគ្រោះម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BQ-២៧៣៥ បើកបរក្នុងទិសដៅផ្ទុយគ្នា (ពីភ្នំពេញទៅអ្នកលឿង)។ ម៉ូតូនេះបានបុកជាមួយនឹងរថយន្ដកុងតឺន័រម៉ាក SCANIA ពណ៌លឿង ពាក់ផ្លាកលេខ ស្វាយរៀង ៣A-៣៧៦២ ដែលសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ស្វាយរៀង ៤A-៣៧៦២ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងទិសដៅពីកើតទៅលិច (ពីអ្នកលឿងទៅភ្នំពេញ)។
ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន និងបានបើករំលោភចូលចំណែកផ្លូវនៃរថយន្ត។
គ្រោះថ្នាក់នេះបណ្ដាលឲ្យម៉ូតូ ១គ្រឿងខូចខាតស្ទើរទាំងស្រុង រីឯរថយន្ត ១គ្រឿងខូចស្រាល។ មធ្យោបាយធ្វើដំណើរទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច