ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃចាប់ឈើល្មើសច្បាប់១ឡានសាំយ៉ុង

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយប៉ូលិសស្រុកអង្គរធំបានស្ទាក់ចាប់រថយន្តសាំយ៉ុង ដឹកឈើមួយគ្រឿងផ្ទុកឈើលេខ១ គ្មានច្បាប់យកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ។

ប្រតិបត្តិការឃាត់រថយន្តដឹកឈើនេះ ធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ។

យោងតាមប្រភពព័ត៌មានបានទម្លាយថា នៅរសៀល ថ្ងៃទី៤ ខែតុលា មានរថយន្តសាំយ៉ុងផ្ទុកឈើពេញប្រៀប ដឹកចេញពីស្រុកវ៉ារិន ឆ្លងកាត់ស្រុកអង្គរជុំ ឆ្ពោះមកចែកចាយក្នុងក្រុងសៀមរាប ប៉ុន្ដែត្រូវបានសមត្ថកិច្ចព្រៃឈើ ស្ទាក់ចាប់នៅព្រំប្រទល់ស្រុកអង្គរធំតែម្តង ។ ប្រភពបន្តថា ម្ចាស់ឈើគឺ ជាមន្ត្រីស្រុកវ៉ារិន ដែលកន្លងមក គ្មានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ។

ទាក់ទិនទៅនឹងករណីនេះដែរ លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃ ឈើបន្ទាយស្រីបានឲ្យដឹងនាព្រឹកថ្ងៃទី០៦នេះ ថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយប៉ូលិសស្រុកអង្គរធំបានស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H7907 ផ្ទុកឈើលេខ១ ប្រភេទផ្ចឹក សុក្រម គ្មានច្បាប់ដែលមានឈើចំនួន៨៧ដុំស្មើនឹង៣,៤៥០ម៉ែត្រគូប ប៉ុន្ដែលោកមិនបានប្រាប់ឈ្មោះម្ចាស់ឈើនោះ ។

បច្ចុប្បន្ននេះ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំម្ចាស់ឈើចូលខ្លួនមកដោះស្រាយតាមច្បាប់ ។ លោកបន្តថា នៅពេលដែលសមត្ថកិច្ចកំពុងស្ទាក់ចាប់នោះ អ្នកបើកបររថយន្តល្មើសបានគេចខ្លួនបាត់ ។

លោកបន្តថា ទោះបីគេចខ្លួនក៏ដោយ នេះមិនមែនជាឈើគ្រញូងនោះទេ ចឹងបើគាត់នៅក៏មិនអាចឃាត់ខ្លួនគាត់បានដែរ ដោយគ្រាន់តែផាកពិន័យតាមច្បាប់អន្តរកាល ។ យ៉ាងនេះក្តី គេបានសង្កេតឃើញថា ការដឹកជញ្ជូនឈើនៅស្រុកវ៉ារិន ត្រូវបានហក់ឡើងវិញ ហើយដូចទឹកបាក់ទំនប់ ហើយការដឹកឈើនោះទៀតសោតភាគច្រើនគឺជាសមត្ថកិច្ចផងដែរ ៕ ជានិរន្ដរ៍

ese ae


ចែករំលែក៖