ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសរួមភេទជាមួយក្មេងស្រីម្នាក់នៅជាអនីតិជនរហូតដល់ទៅចំនួន១៦លើក ។ ជនសង្ស័យក្រោយពីយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន សមត្ថកិច្ច ក៏បានរកឃើញជនសង្ស័យ ជាប់ពាក់ព័ន្ធនឹងបទល្មើសអំពើ ឃាតកម្មមួយផ្សេងទៀតនៅស្រុកកំណើត ក្នុងខេត្តតាកែវ ហើយរត់គេចខ្លួន ធ្វើជាកម្មករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឃុន រ៉ាឌី ហៅ ទឹមរ៉ាភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ប្រកបមុខរបរ ជាកម្មករ មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ មកស្នាក់នៅបណ្តោះ អាសន្ន នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន រងការចាប់ខ្លួនកាលពីម៉ោង១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យអនុវត្តតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះដែលបានដាក់ពាក្យប្តឹងជនសង្ស័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ទ ច អាយុ១២ឆ្នាំ ។
បើតាមប្រភពព័ត៌មានពីនគរបាលស្រុកសំពៅលូនឱ្យដឹងថា តាមការស្រាវជ្រាវស៊ើបអង្កេត ពីសមត្ថកិច្ច និងយោងចម្លើយសារភាពរបស់ជនសង្ស័យ គឺជននេះជាមុខសញ្ញា កាប់សម្លាប់អ្នកភូមិនៅស្រុកកំណើតរបស់ខ្លួន ស្លាប់ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ ដោយ ជនរងគ្រោះមានឈ្មោះ សុខ ។ ក្រោយពីកាប់សម្លាប់អ្នកភូមិរបស់ខ្លួន ជនសង្ស័យបានរត់គេចមកលាក់ខ្លួនធ្វើកម្មករ ប្តូឈ្មោះឃុន រ៉ាឌី មកឈ្មោះ ទឹម រ៉ាភ័ក្រ្ត វិញ រស់នៅស្រុកសំពៅលូនបានរយៈពេលប្រហែល១ឆ្នាំ ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា