ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមព្រឹកនេះស្ថានភាពកុមារីអាយុ៤ឆ្នាំ ដែលត្រូវហ្វូងឆ្កែព្រួតខាំ ជាង១០០ចង្កូមចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពកុមារី ឈ្មោះ ឌី ដានីន អាយុ ៤ឆ្នាំ មកពីភូមិកោះស្រឡៅ ឃុំកោះកាលិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរងរបួសច្រើនកន្លែង ពីហ្វូងឆ្កែព្រួតខាំ ជាង១០០ ចង្កូមនោះ គិតត្រឹមព្រឹកនេះស្ថានភាពជំងឺនឹងនរ និងបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយបន្តព្យាបាលរបួស នៅបន្ទប់ថែទាំក្រោយវះកាត់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

ប្រភពពីមន្ទីរពេទ្យដដែល បានឱ្យដឹងថា ក្រោយទទួលបានការព្យាបាលនៅនៅមន្ទីរពេទ្យខេត្តកោះកុង កុមារី ឌី ដានីន ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយមានការវិវត្តន៍សញ្ញាស្លេកស្លាំង និង មានវៀចមាត់ខាងស្ដាំ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំពោះសភាពកុមារី ឌី ដានីន នៅពេលមកដល់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅគន្ធបុប្ផា នាងមានអាការៈស្លន់ស្លោ យំ និង មានការឈឺចាប់របួសច្រើន កន្លែង ដែលបានដេរ (នៅត្រង់ ថ្ពាល់ស្ដាំ របួសជ្រៅ) និង លើភ្លៅ និង ជើងទាំងសងខាងច្រើនកន្លែង ដែលរបួសខ្លះមិនទាន់ស្ងួតល្អ, ស្លេកស្លាំង, មានវៀចមាត់ខាងស្ដាំ និងមិនមានការប៉ះពាល់ខួរក្បាលនោះទេ។

រោគវិនិច្ឆ័យ៖ កុមារីត្រូវបានព្យាបាលដោយ ដាក់ឈាម ១ប្លោក និងធ្វើការលាងសម្អាតរបួសឡើងវិញ។

នៅចំពោះមុខ ក្រុមគ្រូពេទ្យនឹងបន្តការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតឲ្យគ្រប់ដូស៕


ចែករំលែក៖