ខេត្តពោធិ៍សាត់៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ ដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទ(ឈ្នក់)ជាប្រភេទឧបករណ៍រួមផ្សាំ ដោយរឹបអូសបានវត្ថុតាងតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រតិបត្តិការនេះ អនុវត្តន៍ឡើងកាលពីវេលាម៉ោង២១ ដល់ពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅបឹងទន្លេសាបចាប់ពីចំណុចភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច រហូតដល់ភូមិកំពង់ផ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងធ្វើការបង្រ្កាបបានរួមមាន,សាច់ឈ្នក់ចំនួន ១២គ្រឿង,អាគុយចំនួន ១៤ធុង,អំពូលភ្លើងចំនួន ១៤អំពូល,ដុំភ្លើង(អាំទ័រ)ចំនួន ១៤គ្រឿង,ខ្សែភ្លើងប្រវែងចំនួន ១៨០ម៉ែត្រ,ខ្សែនីឡុងរួមផ្សាំប្រវែងចំនួន ១៤០០ម៉ែត្រ,និងបង្គោលឈើចំនួន ៥៦ដើម។
លោក នាយសង្កាត់បន្តថាចំពោះវត្ថុតាងឧបករណ៍បទល្មើសនេសាទត្រូវបានកម្លាំងធ្វើការបង្រ្កាបរឹមអូសខាងលើ បានយកទៅរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ ដើម្បីបន្តការអនុវត្តន៍បំពេញសំបែបបទតាមនីតិវិធី របស់ច្បាប់ស្តីពីរដ្ឋជលផលនៃក្រសួងកសិកម្មរក្ខាប្រម៉ាញនិងនេសាទ។
លោក អះអាងបន្តទៀតថាចំពោះល្មើសនេសាទខុសច្បាប់ស្តីពីជលផលទាំងឡាយ មិនថា(ឈ្នក់)ជាប្រភេទឧបករណ៍រួមផ្សាំនេះទេ បទល្មើសប្រភេទឧបករណ៍ផ្សេងៗទៀត ក៍ត្រូវតែធ្វើការបង្រ្កាបឲ្យដូចភ្លៀងរលឹមនោះដែរ ព្រោះនេះជាបទល្មើសនេសាទហើយក៍មិនមែនទើបតែកើតមាននោះដែរ ហើយម្យាងទៀតថ្មីៗនេះ ក្រសួងកសិកម្មរុក្ខប្រម៉ាញនិងនេសាទ បានចេញសារាចរណ៍ណែនាំពាក់ព័ន្ធនិងបទល្មើសប្រភេទរួមផ្សាំនេះតែម្តង ដូច្នេះយើងត្រូវតែរួមគ្នាទប់ស្កាត់បទល្មើសដើម្បីរក្សាធន់ធានជលផល ៕ ប៉ឹម ពិន