ខេត្តបន្ទាយមានជ័យ ៖ គណ:ប្រតិភូគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយលោក ខេង ស៊ុម លោក អ៊ី ឡុង និងលោកស្រី នូម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឌី ណៃ (ហៅ សល់) ដែលត្រូវទាហានថៃបាញ់ស្លាប់។
សពលោក ឌី ណៃ ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ដែលជា ទីតាំងជំរំសុវត្ថិភាពនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក កែប ជុតិមា និងគណៈប្រតិភូ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក ឌី ណៃ សូមឆាប់បានចាប់កំណើតជាថ្មី និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកបានធ្វើដំណើរទៅកាន់សុគតិភពដោយសេចក្ដីស្ងប់សុខជារៀងរហូត កុំបីឃ្លៀង ឃ្លាតឡើយ។
ជាមួយគ្នានោះ លោក កែប ជុតិមានិងគណៈប្រតិភូ ក៏បានផ្តល់នូវថវិការបស់គណៈកម្មការទី៤ នៃរដ្ឋសភាចំនួន២លានរៀលដល់គ្រួសារនៃសព។
គួរជម្រាបថានារសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥យោធាថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរបួស៣នាក់។
ការវាយប្រហារបាញ់សំដៅមកលើប្រជាពលរដ្ឋស្លូតត្រង់ខ្មែរនៅក្នុងទឹកដីខ្មែរនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងររបស់កងទ័ពថៃទៅលើបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននៅចន្លោះថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងមក ក្រោមកិច្ចសម្របសម្រួលរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ព្រមជាមួយនឹងវត្តមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានអញ្ជើញមកចុះហត្ថលេខាដោយផ្ទាល់ លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងភាគីកម្ពុជា-ថៃផងដែរ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច