ខេត្តរតនគិរី៖ គំនរឈើប្រភេទសុក្រំចំនួន៤៣កំណាត់មុខយក្ស ដែលមានមុខកាត់ធំៗជាប្រភេទឈើមូលដែលមានប្រវែងចាប់ពី៥ម៉ែត្រឡើងទៅ១០ម៉ែត្រ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម) ក្បែររោងចក្រឈើក្រុមហ៊ុននោះត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ សហការជាមួយកម្លាំងកងរាជអាវុធ
ហត្ថស្រុកវ៉ើនសៃ ចុះបង្ក្រាបបាន។
ហេតុការណ៍ចុះបង្ក្រាបគំនរឈើខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលាឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ (វៀតណាម)ស្ថិតនៅក្នុងស្រុកវើុនសៃ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃបានបង្ហើបឲ្យដឹងថា
ឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ នេះគឺ
ជាឈើរបស់ឧកញ៉ា ម្នាក់ដែលល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើជាយូមកហើយដែលកន្លងមកតែងតែដឹកជញ្ជូនយកមកលាក់នៅក្រុមហ៊ុនម៉ាងយ៉ាងខេនេះ។
ប្រភពបានបន្តទៀតថា បើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយស្ថាប័ន និងកម្លាំងជំនាញដែលពាក់ព័ន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់បង្ក្រាប ។
តាមការឲ្យដឹងពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ើនសៃ តាវែង អូរជុំ)បានឲ្យដឹងថា មូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបានគឺដោយសារមានការសហការណ័ពីកម្លាំងសម្ងាត់ ក៍ដូចជាក្រុមអ្នកសារព័ត៌មាន ទើបលោកបានដឹកនាំកម្លាំងជំនាញដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវើុនសៃចុះបង្ក្រាបតែម្តង ។
លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា ឈើសុក្រំទាំងនេះមានចំនួន៤៣
កំណាត់ ហើយនៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦នេះ កម្លាំងជំនាញរួមនឹងអាវុធហត្ថកំពុងតែស្នើឲ្យខាងក្រុមហ៊ុនម៉ាងយ៉ាងខេ ជួយធ្វើការដឹកជញ្ជូនយកមកផ្ញើទុកនៅក្នុងក្រុមហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិន ព្រោះឈើទាំងនេះវែងហើយផ្លូវក៍ពិបាកទៀត ប៉ុន្តែលោកបានបញ្ជក់បន្ថែមថា ឥឡូវនេះលោកកំពុងតែរករថយន្តណាដែលអាចស្ទួចឈើទាំងនេះបានដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនិតិវិធី ៕ វុទ្ធឦសាន