ខេត្តបន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តឧត្តរមានជ័យ បានជួបប្រជុំពិភាក្សា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ផែនទី និងបង្ហាញស្ថានភាពព្រំប្រទល់រដ្ឋបាល ក្រោយបញ្ចប់ការវាស់វែង របស់ក្រុមការងារបច្ចេកទេសមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ និងដើម្បីមានមូលដ្ឋានជាក់លាក់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច អំពីការកំណត់ព្រំប្រទល់រវាងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រុក, ស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពិធីនេះក៏មានការដឹកនាំកិច្ចប្រជុំដោយផ្ទាល់ពីគណៈអភិបាលខេត្តទាំងពីរ។ ដោយខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ចំណែក ខេត្តឧត្តរមានជ័យដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមនាយរដ្ឋបាលលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្រុក និងឃុំជាប់ព្រំប្រទល់ ដែលប្រារព្ធ ធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យផ្ទៀងផ្ទាត់គាំទ្រផ្នែកបច្ចេកទេសលើបញ្ហាព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរ ក្រុមការងារបានដំឡើងផែនទីដែលបានវាស់វែងរួច និងតារាងប្រៀបធៀបទំហំ ទីតាំងដី ភូមិដែលបានវាស់វែងរួចនៅចំណុចដែលពិនិត្យឃើញខ្សែបន្ទាត់ចេញចូលគ្នាធៀប នឹងទិន្នន័យក្រសួងមហាផ្ទៃ ជាលទ្ធផលឃើញថា ក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ វាស់វែងចូល ខេត្តឧត្តរមានជ័យ នូវផ្ទៃដីសរុបទំហំ២ ៧៨១ហិកតា។ ចំណែកខេត្តឧត្តរមានជ័យ បានវាស់វែងចូលខេត្ត បន្ទាយមានជ័យ នូវផ្ទៃដីទំហំសរុប ៤ ៦១៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល៕វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច