កំពង់ស្ពឺ ៖ បុរសម្នាក់ជាមនុស្សប្រើប្រាស់ថ្នាំញៀន បានដុតផ្ទះម្តាយបង្កើត ឆេះរាលដល់ផ្ទះប្អូនបង្កើតមួយខ្នងទៀត ឆេះខ្ទេចផ្អើលដល់ សមត្ថកុច្ចចុះទៅអន្តរាគមន៍ជួយពន្លត់ និងឃាត់ខ្លួនជនសង្ស័យ ។
ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង២និង៣០នាទីរសៀល ម្សិលមិញ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សយ លីម អាយុ៣៥ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រស់នៅជាមួយម្តាយឈ្មោះ ទន់ ណាត អាយុ៦០ឆ្នាំ មុខរបរកសិករ ។ចំណែកផ្ទះកើតហេតុប្រភេទឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។ ចំណែកប្អូនស្រីបង្កើតឈ្មោះ សយ និច អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅផ្ទះកើតហេតុ សង់ពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។
បើតាមសម្តីអ្នកភូមិបានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ហើយនៅម៉ោងកើតហេតុ ជនសង្ស័យបានដុតផ្ទះម្តាយ បណ្តាលឱ្យឆាបឆេះ ហើយរាលដល់ផ្ទះប្អូនស្រី ដែលនៅជាប់គ្នា រងខូចខាតអស់២ខ្នង និងសម្ភារៈ លុយកាក់ ឯកសារផ្សេងៗ ។
ហេតុការណ៍ខាងលើកើតឡើង កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច