ទីក្រុងហុងកុង៖ សោកនាដកម្មអគ្គិភ័យដ៏សាហាវនៅបរិវេណលំនៅឋាន Wang Fuk Court ក្នុងតំបន់ Tai Po ទីក្រុងហុងកុង តួលេខមនុស្សស្លាប់បានហក់ឡើងដល់៥៥នាក់ហើយ និងមានអ្នកបាត់ខ្លួនប្រហែល២៨០នាក់ទៀត ខណៈមនុស្សយ៉ាងហោចណាស់ ៧១នាក់បានរងរបួស។
យោងតាម Al Jazeera នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ូលិសបានចាប់ខ្លួននាយក ២នាក់ និងទីប្រឹក្សាវិស្វកម្មម្នាក់ពីក្រុមហ៊ុន Prestige Construction & Engineering Company សរុបចំនួន ៣នាក់ពីបទសម្លាប់មនុស្សដោយអចេតនា ក្រោមការចោទប្រកាន់ថាមាន«ការធ្វេសប្រហែសធ្ងន់ធ្ងរ» ក្នុងអំឡុងពេលការងារជួសជុល។ អ្នកស៊ើបអង្កេតជឿថា សម្ភារៈដែលងាយឆេះខ្លាំង ហើយមិនអនុលោមតាមស្តង់ដារ បានបង្កឲ្យភ្លើងរាលដាលយ៉ាងលឿនឆ្លងកាត់រន្ទាឫស្សី និងសំណាញ់សំណង់ចំពេលមានខ្យល់បក់ខ្លាំង។
អគ្គិភ័យបានចាប់ផ្តើមនៅរសៀលថ្ងៃពុធម្សិលមិញនេះ លើរន្ទាខាងក្រៅអគារមួយកម្ពស់៣២ជាន់ ហើយបានរាលដាលយ៉ាងលឿនទៅអគារ៧ ក្នុងចំណោមអគារ៨នៃបរិវេណលំនៅឋាននោះ។ អ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាពនៅអគារចំនួន៤គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែផ្សែងក្រាស់នៅតែបន្តហុយចេញពីបរិវេណអគារលំនៅឋានផ្សេងទៀតដែលជាកន្លែងរបស់ពលរដ្ឋប្រហែល៤៨០០នាក់ស្នាក់នៅ។
ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សប្រមាណ៩០០នាក់ ដោយមានមនុស្សចាស់ជាច្រើនក្នុងចំណោមអ្នករងគ្រោះ។ អ្នកនៅរស់រានមានជីវិតខ្លះបានរៀបរាប់ពីការព្យាយាមរត់គេចយ៉ាងភ័យស្លន់ស្លោតាមរយៈច្រករបៀងដែលពោរពេញដោយផ្សែង ខណៈដែលក្រុមគ្រួសារកំពុងរង់ចាំដំណឹងអំពីមនុស្សជាទីស្រលាញ់ដែលនៅតែជាប់ក្នុងអគារ។
លោក John Lee មេដឹកនាំហុងកុង បានបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅគ្រប់បរិវេណលំនៅឋានដែលកំពុងជួសជុល។ ជាមួយគ្នានោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានសម្តែងការចូលរួមរំលែកទុក្ខ និងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។
សូមជម្រាបជូនថា គ្រោះមហន្តរាយលើកនេះជាអគ្គិភ័យដ៏អាក្រក់បំផុតរបស់ហុងកុងចាប់តាំងពីហេតុការណ៍អគ្គិភ័យឆ្នាំ១៩៩៦ នៅកូវលូន (Kowloon) ដែលបានសម្លាប់មនុស្ស៤១នាក់៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច