ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់យកម៉ូតូនារីម្នាក់បានសម្រេច ត្រូវនគរបាលខណ្ឌដង្កោ តាមចាប់ខ្លួនបាន០២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យ០២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ ចេញប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួន ក្រោយពីធ្វេីសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន កាលពីវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០២៥នេះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលដង្កោ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ និងទី២ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ រីម គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    នគរបាលបានបញ្ជាក់ថា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីរងគ្រោះដោយដំបងឈើ ចំណុចផ្លូវចូលផ្ទះសំណាក់ សុខុម ផ្លូវលំស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ បានសម្រេចរួចទុកម៉ូតូចាស់របស់ខ្លួនចោលនៅកន្លែងកើតហេតុ រួចជិះម៉ូតូរបស់ជនរងគ្រោះដើម្បីគេចខ្លួន។ ក្រោយពីកើតហេតុ កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន និងដឹកនាំដោយលោកផ្ទាល់បានប្រដេញតាមមុខសញ្ញារហូតដល់ចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបឃាត់ខ្លួនបានទាំងពីរនាក់ និងដកហូតម៉ូតូជនរងគ្រោះមកវិញផងដែរ។

      ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតម៉ូតូពីរគ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1GL-9383 (ម៉ូតូនារីរងគ្រោះ) និងមួយគ្រឿងទៀតជារបស់ក្រុមជនសង្ស័យជិះធ្វើសកម្មភាពម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)។

    បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០២នាក់ខាងលេីត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តតាមនិតិវិធីច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖