ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង រាជអាវុធហត្ថ ខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី២៨ វិច្ឆិកា ២០២៥ នេះ ស្ថិតនៅសាលប្រជុំនៃអគាររដ្ឋ បាល ខេត្តកំពង់ស្ពឺ បានអញ្ជើញ ចូលរួម ជាមួយ លោក យឹម សុខុម ប្រធាន ក្រុម ប្រឹក្សាខេត្ត កំពង់ស្ពឺ និង លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈអភិបាល ខេត្ត កំពង់ស្ពឺ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖
១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។
២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។
៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច