ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងម៉ូតូ១គ្រឿងពាក់ព័ន្ធករណីឆក់កាបូប នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២១៧ (ផ្លូវចំការដូង) ចំណុចមុខ ហាងនំបុ័ងបាយ័ន ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ទី១ មានឈ្មោះ នាង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ជនសង្ស័យទី២ ឈ្មោះ វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ។
ជាមួយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានចាប់យក វត្ថុតាងរួមមាន: ម៉ូតូ១គ្រឿង ម៉ាកទ្រីមC110 (ប្រើប៊ិច) ពណ៌ខ្មៅ បិទស្កុត ពណ៌ឈាមជ្រូក លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ BE-5866, ដាវសាំម៉ូរ៉ៃ១ដើម, កាបូបលុយ១, កាតគ្រីម៉ូតូ១សន្លឹក, លុយ១០០ដុល្លារ និងលុយខ្មែរ៥០០០រៀល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបប្រាប់ឲ្យដឹងថា ជនរងគ្រោះ បានធ្វើដំណើតតាម បណ្តោយផ្លូវ២១៧ លុះមកដល់ចំណុចកើហេតុ ក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួន ពេលនោះ ជនរងគ្រោះ ជិះម៉ូតូដេញពីក្រោយ តាមផ្លូវ២១៧ រហូតមកដល់មុខហាងនំប័ុងបាយ័ន ជនសង្ស័យ២នាក់ បានជិះម៉ូតូទៅបុកគូថរថយន្តបណ្តាលឲ្រដួល ជនរងគ្រោះ ក៏ស្រែកប្រាប់ប្រជាពលរដ្ឋថា ចោឆក់កាបូបខ្ញុំៗ ប្រជាពលរដ្ឋក៏ នាំគ្នាឃាត់ខ្លួនជនសង្ស័យទាំងនោះតែម្តង រីឯបក្ខពួកជនសង្ស័យ ម្នាក់ទៀត ក៏ជិះម៉ូតូគេចខ្លួន បាត់ស្រមោលឈឹង ។
បច្ចុប្បន្នជនសង្ស័យទាំងនេះ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការនគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ