ព័ត៌មានទាន់ហេតុការណ៍៖

បញ្ញវន្តគាំទ្រឲ្យកម្ពុជានិងចិនប្រកៀកស្មាជំរុញទូតទេសចរណ៍វ័យក្មេងក្រោមក្របខណ្ឌ មេគង្គ-ឡានឆាង

ចែករំលែក៖

ភ្នំពេញ ៖ បញ្ញវន្តនៅប្រទេសកម្ពុជា បានបង្ហាញការគាំទ្រឲ្យប្រកៀកស្មា ជាមួយភាគីចិន ជំរុញទូតទេសចរណ៍វ័យក្មេង ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង។ ខណ្ឌមេគង្គ-ឡានឆាង ដែលជាគម្រោងរបស់ចិន ផ្តល់ជំនួយជាបន្តបន្ទាប់ សម្រាប់តំបន់ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំង កម្ពុជា។

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏ជាសាស្ត្រាចារ្យម្នាក់ផងដែរនោះ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ឲ្យដឹងថា «ជាការល្អប្រសើរ ព្រោះថា ទី១ ជាការគាំទ្រទូតទេសចរណ៍វ័យក្មេង នៃប្រទេសទាំងពីរ គឺកម្ពុជានិងចិន , ទី២ គឺជាការពង្រឹងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍ នៅក្នុងតំបន់ ជាពិសេស គឺមេគង្គ ឡានឆាង តែម្តង, ទី៣ ជាការបង្ហាញពីសមត្ថភាពពាក់ព័ន្ធនឹងវប្បធម៌ ពាក់ព័ន្ធនឹងសន្តិភាព ក៏ដូចជា វិស័យទេសចរណ៍ ដែលធ្វើឲ្យយុវជនទាំងពីរប្រទេស ក៏ដូចជា យុវជន នៅក្នុងតំបន់ គឺបានស្គាល់គ្នា បង្កើនការយល់ដឹង តាមរយៈវិស័យទេសចរណ៍ ដែលយើងអាច និយាយបានថា ជាការចាក់បញ្ជូលនូវកម្លាំងរស់រវើកដ៏ខ្លាំងក្លា ក្នុងការមុជឲ្យជ្រៅ នៃចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន, តំបន់មេគង្គ-ឡានឆាង»។

លោកស្រីបានបន្ថែមទៀតថា «ម្យ៉ាងវិញទៀត ក៏ជាការបណ្តុះបណ្តាលនូវបណ្តាញនៃមេដឹកនាំវ័យក្មេង លក្ខណៈកាទូត ក្នុងតំបន់អាស៊ី អាគ្នេយ៍យើង ដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌ សេដ្ឋកិច្ច ជីវភាពរស់នៅ ក៏ដូចជា ការគាំទ្រ នូវការអភិវឌ្ឍ ក្នុងរយៈពេលវែង នៅក្នុងឆាកអន្តរជាតិ, ការបង្កើននូវគម្រោងច្នៃប្រឌិតផ្សេងៗ ការផ្សព្វផ្សាយ សហការគ្នា ដើម្បីផ្លាស់ប្តូរទិន្នន័យគ្នា ធ្វើការពិចារណា ធ្វើការជាជំហានៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច វប្បធម៌ សង្គម កាន់តែស៊ីសង្វាក់គ្នា និងចុះសម្រុងគ្នាផងដែរ ដោយយើងធ្វើយ៉ាងណា បង្ហាញ នូវកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជឿជាក់ជាងមុន»។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា វណ្ណី បានធ្វើឡើង បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចុះសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍ មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ អមដោយការបកស្រាយរបស់ទូតទេសចរវ័យក្មេង មេគង្គ-ឡានឆាង កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា វេទិកានេះ បន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំង ចំណងមិត្តភាពកម្ពុជា-ចិន និង ទំនាក់ទំនងការទូតដ៏យូរលង់ អស់រយៈពេល ៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន៕

ប្រភព ៖ (CCFR)


ចែករំលែក៖