ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា បន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ដោយបន្តអនុគ្រោះអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់អាករនេះជាបន្ទុករបស់រដ្ឋ។

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។

សម្រាប់គោលដៅនៃប្រកាសនេះ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖

១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។

៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

៤- ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។

៥- អំបិលគ្រប់ប្រភេទ។

៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។

អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕

ដោយ៖តារា


ចែករំលែក៖