ខេត្តស្វាយរៀង៖ ក្មេងស្រីសិស្សសាលា៣នាក់ត្រូវសមត្ថកិច្ចនាំមកធ្វើកិច្ចសន្យាអប់រំបន្ទាប់ពីបង្ហោះតាមបណ្ដាញសង្គមហ្វេសបុ៊ក ករណីជិះម៉ូតូជ្រែនៅលើដងផ្លូវនៅស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១ ខែធ្នូឆ្នាំ២០២៥នេះថា ពិតជាមានករណីជិះម៉ូតូជ្រែនៅលើដងផ្លូវនៅស្រុករំដួលប្រាកដមែន។
ប្រភពបន្តថា កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥វេលាម៉ោង៤រសៀលមានអាខោនផេកហ្វេសប៊ុកមួយបានផុសវីឌីអូពីសកម្មភាពក្មេងស្រី០៣នាក់នៅចំណុចខាងមុខអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែស្រុករំដួលមានករណីជិះម៉ូតូជ្រែនៅលើដងផ្លូវ បង្កឡើងដោយក្រុមក្មេងសិស្សសាលា ។
បន្ទាប់ពីបានឃើញការចែកចាយវីឌីអូនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែបានសហការជាមួយកម្លាំងជំនាញស្រុកចុះស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រី០៣នាក់មកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីទាំង០៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែឡើងនៅលេីដងផ្លូវប្រាកដមែន។
ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ រួចធ្វើកិច្ចសន្យា និងអោយអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កែរយៈពេលបីខែ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច