ភ្នំពេញ៖ បច្ចុប្បន្ន រាជធានីភ្នំពេញ មានរថយន្តប្រមាណជាង៤០ម៉ឺនគ្រឿង ដែលបានចុះបញ្ជីផ្លូវការ ក្នុងនោះរថយន្តធំមានប្រមាណ៤ម៉ឺនគ្រឿងដែលកំពុងធ្វើចរាចរណ៏ ដោយបំផ្លាញផ្លូវ ថ្នល់ និងបង្កការកកស្ទះចរាចរណ៏ស្ទើរាល់ថ្ងៃ និងធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងវិធានការបង្ក្រាប ឬបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋស្ទើររាល់ថ្ងៃផងដែរ ។
លោកប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ បានបញ្ជាក់ បែបនេះ ខណៈ លោក និងមន្ដ្រីពាក់ ព័ន្ធ ចុះពិនិត្យ ផ្លូវ ជាតិ លេខ៤ នៅ រង្វង់មូលចោមចៅ និង ពិនិត្យ បណ្ដាញលូ សង់ខាងផ្លូវ មុខផ្សារជម្ពូវន កាលពីថ្ងៃទី០៨ តុលា ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានសំដែងនូវការត្អូញត្អែរ យ៉ាងខ្លាំងចំពោះវិធានការ បង្ក្រាបរថយន្តធំចូលក្នុងក្រុង ដែលអាជ្ញាធរពិតជាមានការលំបាកក្នុងការរៀបចំឲ្យមានភាពប្រសើរឡើងនោះ ។
លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ៖ បញ្ហារថយន្តធំៗចូលក្រុងមិនទាន់អាចទប់ស្កាត់បាន នោះទេ ដោយសារភ្នំពេញនូវមានតម្រូវការផ្នែកអភិវឌ្ឍន៍សំណង់ទៅលក្ខណៈក្រុមហ៊ុន អង្គភាព និងឯកជនរបស់ប្រជាពលរដ្ឋ ។
លោកបានលើកជាសំនួរថា ក្នុងរាជធានីភ្នំពេញ មានរថយន្តប្រមាណ៤០ម៉ឺនគ្រឿង ដែល បានចុះបញ្ជី និងធ្វើចរាចរណ៍ ក្នុងចំណោមនេះ មានរថយន្តធន់ធំប្រមាណ៤ម៉ឺនគ្រឿង ឥឡូវនេះយើងទប់ស្កាត់បាន ប្រមាណ៩០% នៃឡានធំមិនឲ្យចូលក្រុង ប៉ុន្តែនៅសល់១០%ទៀតដែលអាជ្ញាធរមានការលំបាក និងចាំបាច់ត្រូវចូល ដោយសារយើងឲ្យគេ សាងសង់ ដូចជា សំណង់ នៅតាម បណ្ដោយផ្លូវ សហពន្ធ័រុស្សុី តើឲ្យគេដឹកដែក ដឹកថ្ម ឬខ្សាច់ចូលទេ ? ត្រូវតែឲ្យគេចូល ជប៉ុនធ្វើលូ ជួយឥតសំណង គេសុំអាទិភាពឡានធំចូល២០ឬ៣០ឡាន តើឲ្យគេចូលទេ ?បើមិនឲ្យចូលវាប៉ះពាល់គម្រោងគេ ចឹងមានតែឲ្យគេចូល និងបងប្អូនប្រជាជនយើងធ្វើផ្ទះតើឲ្យដឹកចូលទេ ? ត្រូវតែឲ្យគាត់ចូល ។ស្ថានទូតអាមេរិកស្នើសុំដឹកសាំង១ស៊ីទែនម្តង២ម៉ឺនលីត្រ ដែលខ្នាតនេះហាមមិនឲ្យចូលទេ តែបើមិនឲ្យគាត់ចូល គាត់ថា នេះជាគម្រោងស្ថានទូតរបស់គាត់ ចឹងមានតែឲ្យចូល ដែលមិនអាចចៀសផុត តែក្នុងនោះក៏មានការឃុបឃិតពីសមត្ថកិច្ចមូលដ្ឋានយើងខ្លះ និងអ្នករកស៊ីមួយចំនួនតូចដែលឈ្លាតឱកាសផងដែរ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បងប្អូនយើងមួយចំនួនមិនបានយកចិត្តទុកដាក់អំពីបញ្ហាខាងលើនេះទេ មើលតែមួយជ្រុង ថា អាជ្ញាធរនេះធូរលង់ តែតាមការពិត យើងធ្វើការងារនេះយ៉ាងម៉ត់ចត់ តែមិនអាចចៀសផុត តែការដែលឲ្យគាត់ចូលចឹងបានធ្វើឲ្យផ្លូវ៥០+៥០ ឬផ្លូវបេតុងឆ្អឹងឬស្សីមិនអាចទ្រាំទ្របានគឺឆាប់ខូច និងមានការកកស្ទះចរាចរណ៏បែបនេះ ចឹងស្ថានភាពគ្រប់គ្រងឡានធំមិនទាន់បានល្អនោះទេ តែពេលនេះយើងបានធ្វើផ្លូវចាក់ បេតុងឆ្អឹងដែកត្រូវតាមស្តង់ដា ដែល មិនឲ្យខ្លាចឡានដូចមុនទៀតទេ ។ ជាក់ស្តែងក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះរដ្ឋបាលរាជធានីធ្វើផ្លូវបានជាង៣៨០គីឡូ ស្តារប្រឡាយជាង៣០គីឡូ ម៉ែត្រ ដាក់លូបានជាង២៤៦គីឡូ ម៉ែត្រ និងធ្វើការងារជាច្រើនទៀត ។
លោក ប៉ា សុជាតិវង្ស បានធ្វើការអំពាវនាវឲ្យម្ចាស់ រោងចក្រ សហគ្រាស និងឃ្លាំងស៊ីម៉ង់តិ៏ ឃ្លាំងដែក ជាដើម សូមមេត្តាអញ្ជើញទៅតាមផ្លូវក្រវ៉ាត់ក្រុង ហើយត្រូវដឹកឡានតូចៗចូលក្រុងវិញ កុំឲ្យដឹកម្តងរហូតដល់ជាង១០០តោន ដែលធ្វើឲ្យផ្លូវឆាប់ខូច និងបង្កការកកស្ទះចរាចរ ណ៏ដូចពេលកន្លងមកទៀត ។
សូមបញ្ជាក់ថា៖ កាលពី២១ កញ្ញា ឆ្នាំ២០១៦ ថ្មីៗនេះ អាជ្ញាធរ រាជធានី ភ្នំពេញ បានបើកកិច្ចប្រជុំមួយ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ជាពិសេសផ្តោតលើរថយន្តធំចូលក្រុង នៅរដ្ឋបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៏ត្រី អ៊ូច សុខុន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញ មាន រថយន្តក្រឡុកស៊ីម៉ង់ ,រថយន្តដឹកដី,ដឹកខ្សាច់,រថយន្តកុងតឺន័រស្លាកលេខខ.ម ធ្វើឲ្យមានការកកស្ទះចរាចរណ៏ស្ទើររាល់ថ្ងៃ ចំណែកឯវប្បធម៌អន្តរាគមន៏នៅតែកើតមាន ដែលបញ្ហានេះបានបង្កការលំបាកដល់ផែនការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ។ ម្យ៉ាងទៀតក្នុងពេលសមត្ថកិច្ចនគរបាលចុះអនុវត្តន៏ផែនការ ឃាត់ឬចាប់រថយន្តទាំងនោះ អាជ្ញាធរមូលដ្ឋានមិនមានការចូលរួម ឬសហការឲ្យស៊ីសង្វាក់គ្នាសោះ ប៉ុន្តែទោះបីយ៉ាងណា យើងទទួលបានលទ្ធផលល្អប្រសើរក្នុងពេលដែលច្បាប់ចរាចរផ្លូវគោកដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦កន្លងមកនោះ ។
លោក ប៉ា សុជាតិវង្ស បាន បញ្ជាក់ថា៖ ល្មមដល់ ពេលត្រូវរៀបចំផែនការអនុវត្តតាមការណែនាំហើយ ជៀសវាងការនិយាយដដែលៗមិនឃើញចេញលទ្ធផលសោះ ឆ្លើយតបទៅនឹងបញ្ហានេះ រាជធានីភ្នំពេញបានអនុវត្តវិធានការជាច្រើនមកហើយដូចជា៖ ការស្ថាបនា ពង្រីកផ្លូវ,ដាក់របាំងចែកទ្រូងផ្លូវ,គំនូសសញ្ញា,ស្លាកសញ្ញា,ភ្លើងសញ្ញាចរាចររួមទាំងវិធានការអប់រំច្បាប់ចរាចរ ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ពិសេសអង្គការJICAជប៉ុន សំដៅធ្វើឲ្យប្រសើរឡើងការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ រស់នៅ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្សុី លោក វុទ្ធី រីម បានបញ្ជាក់ថា៖ សពថ្ងៃនេះ នៅរាជធានីភ្នំពេញមានរថយន្តធំ ដឹក ធ្ងន់ ចេញ ចូលក្រុង នៅតែមាន ដដែល ទោះបីអាជ្ញាធរ ភ្នំពេញ បានធ្វើ ការប្តេជ្ញាចិត្ត ឬសន្យា ថាលុបបំបាត់ឲ្យអស់ក្នុងឆ្នាំ២០១៦នេះក្តី ហើយពាក់ពន្ធ័ទៅនឹងបញ្ហានេះ ប្រជាពលរដ្ឋរាជធានី បានសំណូមពរឲ្យអាជ្ញាធរចាត់វិធាន ការឲ្យបានតឹងរ៉ឹងបំផុត ចំពោះរថយន្តធំ និងដឹកធ្ងន់នេះឲ្យមានប្រសិទ្ធភាពផង ព្រោះនេះ ជាជំងឺដ៏រ៉ាំរ៉ៃ និងស្មុគស្មាញ របស់អាជ្ញាធរភ្នំពេញ ដែលបានដឹកនាំ និងផ្លាស់ប្តូរអភិបាលក្រុង ប្រមាណ៣ឬ៤ជុំនាន់មកហើយ គឺនៅតែធ្វើមិនបាននោះ ទេ ជា ពិសេស ផែនការរំដោះចិញ្ចើមផ្លូវតែម្តង ៕ សំរិត