ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនេសាទ​ល្មើសច្បាប់ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បង្គាប់ឱ្យឃុំខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ុត វីរៈ  បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទ​ល្មើស​​ច្បាប់ ដោយប្រើឧបករណ៍ឆក់។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​នេះ លោក ម៉ុត វីរៈ បានបញ្ជាក់ថា លោក រ៉ង រី ត្រូវបានដាក់ឱ្យស្ថិតនៅ​ក្រោម​​ការពិនិត្យ​ពីបទនេសាទដោយប្រើឧបករណ៍ឆក់ តាមបញ្ញត្តិ​មាត្រ​៩៧ កថាខណ្ឌទី១ ចំណុចទី៤ នៃច្បាប់ស្តីពីជលផល។

គួរបញ្ជាក់ថា កាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំ​ទន្លេ​​អភិរក្ស​សត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយ​គណៈ​កម្ម​ការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នា​បង្ក្រាប​បានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី នៅ​ចំណុច​ក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ឆ្មាំទន្លេ ពេលកំពុង​ល្បាត​លើផ្ទៃទន្លេបានប្រទះឃើញសកម្មភាពនេសាទល្មើសច្បាប់​ដោយ​ប្រើ​ឧបករណ៍ឆក់ ហើយបានបើកកាណូតប្រដេញតាមចាប់តែម្តង។ក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេចាប់ជនសង្ស័យបានចំនួនម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនរួច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក។

វត្ថុតាងនៃបទល្មើសដែលដកហូតបានរួមមាន៖ ទូកស្មាច់មួយគ្រឿង, ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧សេះ មួយគ្រឿង, ក្បាលឆក់ (អ័ងវ៉ាទ័រ) មួយគ្រឿង, ខ្សែកាប ៥ម៉ែត្រ, ខ្សែភ្លើង ៥ម៉ែត្រ ន៨ងថ្នងដងត្រីមួយ។

សូមបញ្ជាក់ថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់​បង្កផល​ប៉ះ​ពាល់ខ្លាំងដល់ជីវៈចម្រុះក្នុងទន្លេ ជាពិសេសសត្វផ្សោត ដែលជារតន​សម្បត្តិ​ដ៏កម្រនៅកម្ពុជា។ រដ្ឋបាលជលផល បានដាក់ចេញវិធានការ​បង្ក្រាប​បទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជីវិ​ត​សត្វ​ផ្សោត និងជីវៈចម្រុះក្នុងទន្លេ៕


ចែករំលែក៖