ខេត្តកំពង់ស្ពឺ៖ ភ្លៀងដែលបានធ្លាក់យ៉ាងគំហុក ១០ ថ្ងៃ ជាប់ៗគ្នា នៅជួរភ្នំឱរ៉ាល់ ក្រុងច្បារមន ស្រុកថ្ពង ឧដុង្គ និងសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០-៣៥០ មីល្លីម៉ែត្រ បានបង្កឱ្យមានជំនន់នៅភាគខាងជើងខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្ត្រស្រុកថ្ពង និងស្រុកឧដុង្គ ។ ជំនន់បានកើតមានតាំងពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី ដើម្បីបង្វែរទឹកជំនន់នេះមកផ្នែកខាងក្រោម តាមរយៈប្រឡាយមេរលាំងជ្រៃខាងជើង ទើបស្ថានភាពជំនន់មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ។
ដោយសារភ្លៀងនៅបន្តធ្លាក់ ហើយទឹកនៅក្នុងអាងអូរស្សា និងអាងចាន់ថ្នាល នៅតែបន្តឡើង នៅក្នុងការចុះពិនិត្យស្ថានភាពជំនន់ នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦ លោករដ្ឋមន្ត្រី បានបញ្ជាឱ្យអ្នកបច្ចេកទេស បើកផ្លូវទឹកពីរបន្ថែមទៀត ដោយទី១ បើកបន្ថែមនូវទ្វារទឹកប្រឡាយមេរលាំងជ្រៃខាងជើង ដែលនៅផ្នែកក្រោមទំនប់បង្ហៀរអូរក្រាំងអំបិល ដើម្បីបញ្ជូនទឹកទៅបែងចែកតាមប្រឡាយនានា ក្នុងភូមិសាស្ត្រឃុំដំណាក់អំពិល សំរោងលើ និងឃុំឆក់ឈើនាង រួចបន្តធ្លាក់តាមអូរធម្មជាតិឆ្ពោះទៅកាន់បឹងតាមោក រាជធានីភ្នំពេញ និងទី២ បើកបន្ថែមនូវទ្វារទឹកប្រឡាយមេតាហោ ដើម្បីបញ្ជូនទឹកតាមប្រឡាយមេនេះ ទៅបែងចែកតាមប្រឡាយរងនានា ក្នុងភូមិសាស្ត្រឃុំលំហាច ព្រៃពួច និងឃុំត្រាំម្កាក់ រួចបន្តធ្លាក់ទៅស្ទឺងព្រែកត្នោត ។
ដោយឡែក ចំពោះស្ថានភាពជំនន់ នៅអាងទឹកតាសាល ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យបើកបន្ថែមទ្វារទឹក ដើម្បីទំលាក់ទឹកមកស្ទឺងព្រែកត្នោត ហូរទៅកាន់ទំនប់៧មករា (កំពង់ទួល) និងបន្តចែកចាយទៅតាមព្រែកហូរ ព្រែកកំពឹស ស្ទឺងតូច និងប្រឡាយ៧៨ ដែលទើបនឹងសាងសង់រួច មួយផ្នែក និងមួយផ្នែកទៀត ដើម្បីទំលាក់ទឹកតាមប្រឡាយមេរលាំងជ្រៃខាងត្បូង ហូរតាមប្រឡាយដីក្រហម ធ្លាក់ទៅស្ទឹងតូច និងបន្តទៅកាន់ទន្លេបាទី ។
ចំពោះជំនន់នៅអាងទឹកក្រាំងពន្លៃ ក៏ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី បញ្ជាឱ្យបើកទ្វារទឹកបន្ថែម ដើម្បីទំលាក់ទឹកតាមស្ទឺងក្រាំងពន្លៃ ចូលទៅទំនប់យុទ្ធសាស្ត្រ និងបន្តបែងចែកតាមស្ទឺង ប្រឡាយនានា ឱ្យហូរធ្លាក់ទៅផ្នែកខាងក្រោមផ្លូវជាតិលេខ៥ ៕ ហេង សូរិយា