ប្រទេសថៃ ៖ ក្រសួងធនធានទឹក និងឧតុនិយមថៃកាលពីល្ងាចថ្ងៃអង្គារបានចេញសេចក្តីព្រមានជាបន្ទាន់ទៅកាន់ខេត្តចំនួន ៩ ដែលអាចនឹងកើតមានទឹកជំនន់ភ្លាមៗ និងរលកកើនដល់កម្ពស់ ២-៣ ម៉ែត្រចាប់ពីថ្ងៃទី ១១-១៦ ខែធ្នូ ដោយអាជ្ញាធរជំរុញឱ្យអ្នកសហគមន៍រស់នៅតាមឆ្នេរសមុទ្រ និងភាគខាងត្បូងត្រៀមខ្លួន និងអនុវត្តតាមការជូនដំណឹងជាផ្លូវការ។ ខេត្តដែលរងគ្រោះ និងកើតមានទឹកជំនន់ចាប់ពីថ្ងៃស្អែកនេះតទៅមានខេត្តដូចជាខេត្ត ជុំផុន ស៊ូរ៉ាតថានី, នគរស៊ីធម្មារ៉ាត, ផាត់ថាឡុង, សុងក្លា, ប៉ាតានី, យ៉ាឡា,ណារ៉ាធីវ៉ាត និងប្រាជប់គីរីខាន់ ដែលនឹងរងគ្រោះខ្លាំងក្លា។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានព្រមានប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន ៩ ឱ្យត្រៀមខ្លួនសម្រាប់ទឹកជំនន់ភ្លាមៗ ទឹកហូរ និងរលកខ្លាំងចន្លោះថ្ងៃទី ១១-១៦ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីមានការជូនដំណឹងអំពីអាកាសធាតុពីនាយកដ្ឋានឧតុនិយមថៃ។
ក្នុងនោះខេត្តចំនួនប្រាំបីនៅភាគខាងត្បូងមានដូចជា ជុំផុន ស៊ូរ៉ាតថានី នគរស៊ីធម្មារ៉ាត ផាត់ថាឡុង សុងក្លា ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត និងប្រាជប់គីរីខាន់នៅតំបន់កណ្តាលគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លាមៗ ទឹកហូរពីលើភ្នំ និងទឹកជំនន់ហូរចូលដល់ទីក្រុង ដោយក្នុងនោះនៅខេត្តនគរស៊ីធម្មារ៉ាត ខេត្តសុងក្លា ខេត្តប៉ាតានី និងខេត្តណារ៉ាធីវ៉ាត អាជ្ញាធរក៏បានព្រមានអំពីខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ ហើយបានបញ្ជាឱ្យក្រុមការងារក្នុងស្រុកត្រៀមខ្លួនជាស្រេចជាមួយគ្រឿងចក្រធុនធ្ងន់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សប្រសិនបើមានគ្រោះមហន្តរាយកើតឡើង។
អាជ្ញាធរបានព្រមានទៀតថាចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ភ្លៀងកើនឡើង និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃភាគខាងត្បូង ជាពិសេសខេត្តប្រាជប់គីរីខាន់ និងខេត្តជុំផន និងភ្លៀងធ្លាក់ខ្លាំងនៅស៊ូរ៉ាតថានី ខេត្តនគរស៊ីធម្មារ៉ាត ខេត្តផាត់ថាឡុង និងខេត្តសុងក្លា ដោយសារតែរលកពីទិសខាងកើតកំពុងរំកិលលើតំបន់នេះ ហើយតំបន់នេះនឹងរងគ្រោះខ្លាំងពីជំនន់ទឹកភ្លៀង។ អាជ្ញាធរអះអាងទៀតថារលកនៅឈូងសមុទ្រខាងក្រោមត្រូវបានគេរំពឹងថានឹងឡើងដល់កម្ពស់ ២-៣ ម៉ែត្រ ហើយកើនឡើងដល់ជាង ៣ ម៉ែត្រនៅពេលមានព្យុះផ្គររន្ទះ ហើយនៅឈូងសមុទ្រខាងលើ រលកនឹងមានកម្ពស់ប្រហែល ២ ម៉ែត្រ ហើយនៅសមុទ្រអង់ដាម៉ាន់ រលកនៅឆ្នេរសមុទ្រត្រូវបានគេរំពឹងថានឹងលើសពី ២ ម៉ែត្រ និងច្រើនជាងនេះនៅតំបន់ដែលមានព្យុះផ្គររន្ទះ៕
ប្រភព ៖ (សុីសុីថែមស៍)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច